(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានជំរុញដល់មន្ត្រីរដ្ឋាភិបាលធ្វើឲ្យប្រាកដថានឹងសម្រេចបាន នូវគោលដៅបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន «ដោយមិនបរាជ័យ» ចំពេលមានរបាយការណ៍ពីការខ្វះខាតស្បៀងអាហាររបស់ទីក្រុងព្យុងយ៉ាង កាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ លោក គូ ប្យ៉ុងសុំា (Koo Byoung-sam) បាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះថា «យើងអាចវិនិច្ឆ័យពីការខ្វះខាតស្បៀងនៅទីនោះថា ជាបញ្ហាធ្ងន់ធ្ងរ។ ទីក្រុងព្យុងយ៉ាង ហាក់ដូចជាបានស្នើសុំជំនួយស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោកថែមទៀតផង»

នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំដ៏សំខាន់របស់គណបក្សកាន់អំណាច កាលពីថ្ងៃពុធសប្តាហ៍នេះ លោក គីម បានគូសបញ្ជាក់ថា «ដើម្បីសម្រេចឲ្យបានការបង្កើនទិន្នផលកសិកម្មទូទាំងប្រទេស គឺគួរតែយកចិត្តទុកដាក់លើការជម្នះភាពយឺតយ៉ាវក្នុងការណែនាំអំពីបច្ចេកទេសកសិកម្ម ហើយសំខាន់ត្រូវផ្តោតលើការបង្កើនទិន្នផលក្នុងមួយហិកតានៅគ្រប់កសិដ្ឋានទាំងអស់»

គួរបញ្ជាក់ថា កូរ៉េខាងជើង ដែលត្រូវបានចាត់ទុកថាជាប្រទេសឯកោនោះ បានស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនលើកម្មវិធីអាវុធរបស់ខ្លួន ជាហេតុដែលត្រូវតស៊ូអស់រយៈពេលជាយូរដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួន។ ក្រោយមកកូរ៉េខាងជើង ក៏ត្រូវទប់ស្កាត់ជំងឺកូវីដ១៩ដោយការដាក់ប្រទេសឲ្យស្ថិតក្រោមវិធានការយ៉ាងតឹងរឹង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយទើបតែបន្តធ្វើពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិនកាលពីឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះប្រទេសមួយនេះ តែងទទួលរងនូវគ្រោះទុរ្ភិក្សជាប្រចាំ ដោយកាលពីឆ្នាំ១៩៩០ បានសម្លាប់មនុស្សរាប់សែននាក់៕