(ហាណូយ)៖ ប្រធានសភាវៀតណាម លោក វឿង ឌីង ហួយ (Vuong Dinh Hue) បានឱ្យដឹងថាសភាជាតិ នៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជ្រើសរើសតាំងលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាមជាផ្លូវការហើយ សម្រាប់អាណត្តិពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ការបោះឆ្នោតជ្រើសតាំងនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញមួយ ដោយសមាជិកសភាវៀតណាមធ្វើការបោះឆ្នោតទទួលស្គាល់លោក ធឿង បន្ទាប់ពីគណបក្សកុម្មុយនិស្ដវៀតណាម បានតែងតាំងលោក ធឿង ជាប្រធានាធិបតីថ្មីកាលពីថ្ងៃពុធ ទី១ ខែមីនានេះ។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក វ៉ូ វ៉ាន់ធឿង ត្រូវបានបោះឆ្នោតជ្រើសរើសតាំងជា ប្រធានាធិបតីថ្មីរបស់វៀតណាម ក្នុងសំឡេងគាំទ្រ ៩៨.៣៨ភាគរយ។

*តើលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជានរណា?

លោក វ៉ូ វ៉ាន់ធឿង កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០ នៅក្នុងខេត្ត Vinh Long។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទស្សនវិជ្ជា។ លោកបានចូលរួមជាមួយ គណបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ លោក ធឿង ធ្លាប់បម្រើការងារជាលេខាបក្សស្រុកទី១២ នៃទីក្រុងហូជិមិញ រយៈពេល ២ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៤។ នៅឆ្នាំ២០០៦ លោកត្រូវបានជ្រើសតាំង ដោយការិយាល័យនយោបាយឱ្យកាន់តំណែងជាលេខាអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ដនៃគណៈកម្មាធិការមជ្ឈិមប្រចាំទីក្រុងហូជីមិញ ហើយរហូតដល់ខែសីហា ឆ្នាំ២០១១ លោក ធឿង បានក្លាយជា លេខាបក្សប្រចាំខេត្ត Quang Ngai។ ៣ឆ្នាំក្រោយមកទៀត លោកបានកាន់តំណែងជាលេខាបក្សរងប្រចាំទីក្រុងហូជីមិញ និងជាប់ឆ្នោតកាន់តំណែងនេះសាជាថ្មី នៅខែតុលា ឆ្នាំ២០១៥។

នៅខែមករា ឆ្នាំ២០១៦ លោក វ៉ូ វ៉ាន់ធឿង បានចូលរួមក្នុងការិយាល័យនយោបាយ ដែលធ្វើឱ្យលោកក្លាយជាសមាជិកវ័យក្មេងជាងគេបង្អស់ នៅក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់បក្ស និងបន្ទាប់មក លោកកាន់តំណែងជាប្រធាននាយកដ្ឋានឃោសនាមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម។

លោក វ៉ូ វ៉ាន់ធឿង ក៏ត្រូវបានគេចាត់ទុកផងដែរថាជា មនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអគ្គលេខាធិការបក្សគឺលោក ង្វៀន ហ្វូជុង (Nguyen Phu Trong) ដែលជាបុគ្គលមាន អំណាចបំផុត នៅក្នុងប្រទេសវៀតណាម។

លោក ង្វៀន ហ្វូជុង នេះហើយ គឺជាអ្នកផ្តួចផ្តើមឡើងនូវយុទ្ធនាការបោសសំអាតអំពើពុករលួយដ៏តឹងរ៉ឹង ដែលកន្លងមកនេះបានមើលឃើញមន្រ្តីវៀតណាមខ្ទង់រាប់រយនាក់ ត្រូវប្រឈមការស៉ើបអង្កេត និងទទួលពិន័យ ខណៈជាច្រើននាក់បានបាត់អស់តំណែង ដែលក្នុងនោះរួមមានទាំង អតីតប្រធានាធិបតីលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ហើយនិងអតីតឧបនាយករដ្ឋមន្រ្តី២រូប។

គួរបញ្ជាក់ថា នៅក្នុងប្រទេសវៀតណាម ប្រធានាធិបតីមានតួនាទីជាប្រមុខរដ្ឋ ប៉ុន្តែមិនមែនជាប្រមុខរដ្ឋាភិបាលនោះឡើយ។ តំណែងនេះស្ថិតក្នុងចំណោម មុខតំណែងនយោបាយកំពូលៗទាំង៤ របស់ប្រទេសវៀតណាម ដោយមុខតំណែង៣ទៀតគឺ អគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី ហើយនិងប្រធានសភា៕