(ហាណូយ)៖ ប្រធានសភាវៀតណាម លោក វឿង ឌីង ហួយ (Vuong Dinh Hue) បានឱ្យដឹងថាសភាជាតិនៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជ្រើសរើសតាំង លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាមជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ការបោះឆ្នោតជ្រើសតាំងនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញមួយ ដោយសមាជិកសភាវៀតណាមធ្វើការបោះឆ្នោតទទួលស្គាល់លោក ធឿង បន្ទាប់ពីគណបក្សកុម្មុយនិស្ដវៀតណាម បានតែងតាំងលោក ធឿង ជាប្រធានាធិបតីថ្មីកាលពីថ្ងៃពុធ ទី១ ខែមីនានេះ។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក វ៉ូ វ៉ាន់ធឿង ត្រូវបានបោះឆ្នោតជ្រើសរើសតាំងជា ប្រធានាធិបតីថ្មីរបស់វៀតណាម ក្នុងសំឡេងគាំទ្រ ៩៨.៣៨ភាគរយ។

លោក​ ធឿង មានអាយុ៥២ឆ្នាំ ជាសមាជិកវ័យក្មេងជាងគេបង្អស់ នៅក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់បក្ស និងត្រូវបានចាត់ទុកជា មនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអគ្គលេខាធិការបក្សគឺលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ដែលជាបុគ្គលមានអំណាចបំផុត​នៅក្នុងប្រទេសវៀតណាម។

លោក ង្វៀន ភូទ្រុង នេះហើយ គឺជាអ្នកផ្តួចផ្តើមឡើងនូវយុទ្ធនាការបោសសំអាតអំពើពុករលួយដ៏តឹងរ៉ឹង ដែលកន្លងមកនេះបានមើលឃើញមន្រ្តីវៀតណាមខ្ទង់រាប់រយនាក់ ត្រូវប្រឈមការស៉ើបអង្កេតនិងទទួលពិន័យ ខណៈជាច្រើននាក់បានបាត់អស់តំណែង ដែលក្នុងនោះរួមមានទាំង អតីតប្រធានាធិបតីលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ហើយនិងអតីតឧបនាយករដ្ឋមន្រ្តី២រូប។

គួរបញ្ជាក់ថា នៅក្នុងប្រទេសវៀតណាម ប្រធានាធិបតីមានតួនាទីជាប្រមុខរដ្ឋ ប៉ុន្តែមិនមែនជាប្រមុខរដ្ឋាភិបាលនោះឡើយ។ តំណែងនេះស្ថិតក្នុងចំណោម មុខតំណែងនយោបាយកំពូលៗទាំង៤ របស់ប្រទេសវៀតណាម ដោយមុខតំណែង៣ទៀតគឺ អគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី ហើយនិងប្រធានសភា៕