(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីបេឡារុសរបស់លោក គឺលោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានអំពាវនាវឱ្យមានបទឈប់បាញ់មួយ និងកិច្ចចរចាស្វែងរកការផ្សះផ្សានយោបាយ សម្រាប់ជម្លោះអ៊ុយក្រែន នៅឯកិច្ចពិភាក្សាធ្វើឡើងក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស Belta បានរាយការណ៍ដែរថា ការអំពាវនាវខាងលើរបស់មេដឹកនាំទាំង២ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ពីការព្រួយបារម្ភជុំវិញការវិវត្តនៃជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់អឺរ៉ុប និងផលប្រយោជន៍នៅក្នុងករណីដែលសន្តិភាពអាចកើតឡើងនៅអ៊ុយក្រែន កាន់តែឆាប់កាន់តែល្អ។ Belta បានគូសបញ្ជាក់បន្ថែមដូច្នេះថា «បេឡារុស និងចិន មានចំណាប់អារម្មណ៍លើការទប់ស្កាត់កុំឱ្យជម្លោះផ្ទុះឡើងកាន់តែខ្លាំង ហើយត្រៀមខ្លួនជាស្រេចដើម្បីស្ដារសន្តិភាពនៅក្នុងតំបន់ និងសណ្ដាប់ធ្នាប់ឡើងវិញ»

ដោយឡែក ជាការបញ្ជូនសារច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោក ស៊ី ជិនពីង បាននិយាយថាបណ្ដាប្រទេសពាក់ព័ន្ធ គួរតែបញ្ឈប់ការប្រើជម្លោះសព្វថ្ងៃជាឧបករណ៍នយោបាយ និង បញ្ឈប់ការប្រើសេដ្ឋកិច្ចពិភពលោកជាឧបករណ៍របស់ខ្លួន ហើយចាត់វិធានការនាំទៅរកបទឈប់បាញ់យ៉ាងពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម និងដោះស្រាយវិបត្តិដោយសន្តិវិធី។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឱ្យមានបទឈប់បាញ់យ៉ាងពេញលេញមួយ នៅអ៊ុយក្រែន ស្របពេលសហរដ្ឋអាមេរិក បានចោទប្រកាន់ថាចិនកំពុងពិចារណាបញ្ជូនអាវុធឱ្យរុស្ស៉ី៕