(កៀវ)៖ ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាទាហានអ៊ុយក្រែន អាចនឹងដកថយចេញពីទីក្រុងបាកមូត (Bakhmut) ដែលការអត្ថាធិប្បាយបែបនេះ ហាក់ដូចជាការសន្មត់ទុកជាមុនថារុស្ស៉ី អាចនឹងវាយដណ្ដើមបានទីក្រុងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។

ទាហានរុស្ស៉ី និងអ៊ុយក្រែន បានវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅក្នុងទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនខែមកហើយ ដោយបានប្រែក្លាយ ទីក្រុងមួយនេះទៅជាទីក្រុងខ្មោច ខណៈជោគជ័យរបស់រុស្ស៉ីអាចនឹងក្លាយជានិមិត្តរូបនៃជ័យជម្នះមួយដ៏សំខាន់ នៅក្នុងសង្រ្គាមដែលបានឈានចូលឆ្នាំទី២ និងបន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។ ថ្លែងប្រាប់ទូរទស្សន៍ CNN លោក អាឡិចសាន់ឌឺ រ៉ូដនីយ៉ាន់ស្គី (Alexander Rodnyansky) ជាទីប្រឹក្សាម្នាក់របស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់យើងកំពុងពិចារណាលើជម្រើសជាច្រើនដែលមាននៅលើតុ។ ក្នុងពេលបច្ចុប្បន្ន ពួកគេនៅតែបន្តគ្រប់គ្រងទីក្រុង (បាកមូត) ប៉ុន្តែប្រសិនបើ ចាំបាច់ នោះពួកគេអាចនឹងដកថយជាយុទ្ធសាស្ត្រ ហើយយើងនឹងមិនពលីអាយុជីវិតប្រជាជនរបស់យើង ដោយគ្មានតម្លៃនោះឡើយ»

គួរបញ្ជាក់ថា បាកមូត គឺជាទីក្រុងតូចមួយស្ថិតនៅក្នុងតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែន ហើយដែលទឹកដីក្នុងតំបន់នេះមានជាងពាក់កណ្ដាលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង ដោយទាហានរុស្ស៉ី។ បើតាមអ្នកជំនាញយោធា ដើម្បីអាចវាយលុកលើទឹកដីដែលនៅសល់ជាងពាក់កណ្ដាលទៀតនៃតំបន់ដូណេត គ្រប់គ្រងអ៊ុយក្រែន រុស្ស៉ីចាំបាច់ត្រូវតែវាយកាន់កាប់ទីក្រុង បាកមូត ឱ្យបាន ជាការបើកផ្លូវក្នុងការវាយលុក៕