(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបេឡារុស ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតខ្ពស់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣។

លោក ស៊ី ក៏បាននិយាយផងដែរថា ប្រទេសចិន និងបេឡារុស្សគួរតែគាំទ្រគ្នាទៅវិញទៅមក «ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការពារអធិបតេយ្យភាព និងសន្តិសុខនយោបាយនៃប្រទេសទាំងពីរ»។

គួរបញ្ជាក់ថា ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko​ ដែលបានទីដល់ទីក្រុងប៉េកាំង បានចូលរួមកិច្ចផ្លូវការជាច្រើន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ប្រមុខរដ្ឋទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «គ្រប់អាកាសធាតុ» រវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា នៅថ្ងៃពុធនេះចិន និងបេឡារុស្ស បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខភាព ទេសចរណ៍ និងកីឡា៕