(អាថែន)៖ ប្រភពពីរដ្ឋាភិបាល និងប៉ូលីសបានឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរក្រិកបានចាប់ខ្លួនបុរសវ័យ ៥៩ឆ្នាំម្នាក់ ជុំវិញគ្រោះថ្នាក់រថភ្លើងបុកគ្នានៅកណ្តាលប្រទេសក្រិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់និងរាប់សិបនាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋាភិបាលបាននិយាយថា អ្នកគ្រប់គ្រងស្ថានីយ៍រថភ្លើងក្នុងទីក្រុង Larissa បានផ្តល់សក្ខីកម្មនៅចំពោះមុខរដ្ឋអាជ្ញាសាធារណៈ ហើយត្រូវបានចាប់ខ្លួន។

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​ពី​បទ​មជ្ឈិម។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​ធ្វេសប្រហែស និង​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​តាម​រយៈ​ការ​ធ្វេសប្រហែស។

ទោះជាយ៉ាងណាបុរស​រូប​នេះ​បាន​បដិសេធ​ថា ​មិន​បាន​ប្រព្រឹត្ត​ខុស​អ្វី​ឡើយ ហើយ​បាន​សន្មត​ថា​ឧបទ្ទវហេតុ​នេះ​​កើត​ឡើងដោយបញ្ហា​ខុស​បច្ចេកទេស។

គួរបញ្ជាក់ថា មានមនុស្សប្រហែល៣៥០នាក់ ជិះនៅលើរថភ្លើងដឹកអ្នកដំណើរ ខណៈនៅលើរថភ្លើងដឹកទំនិញ មានមនុស្សត្រឹម២នាក់ប៉ុណ្ណោះ។ វាគឺជាគ្រោះថ្នាក់រថភ្លើងផ្តាច់ជីវិតមនុស្សច្រើនបំផុត ដែលប្រទេសក្រិកមិនធ្លាប់ជួបប្រទះឡើយ ក្នុងរយៈពេលប្រមាណជា៥០ឆ្នាំមកនេះ៕