(អាថែន)៖ ចំនួនអ្នកស្លាប់បានកើនដល់យ៉ាងហោច៣៦នាក់ និងរបួស៨៥នាក់ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង និងរថភ្លើងដឹកទំនិញមួយគ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងនៅក្នុងប្រទេសក្រិក កាលពីវេលាយប់ថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

អាជ្ញាធរពន្លត់អគ្គិភ័យក្រិកបាននិយាយថា តួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងទៀត ខណៈមនុស្ស៦៦នាក់ ក្នុងចំណោមអ្នករបួស ត្រូវបានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងនោះទៀតសោត ៦នាក់ស្ថិតនៅកន្លែងសង្រ្គោះបន្ទាន់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្បែរទីក្រុងឡារីស្សា (Larissa) ភាគកណ្តាលប្រទេសក្រិក នៅពេលរថភ្លើងដឹកអ្នកដំណើរឆ្ពោះចេញពីក្នុងផ្លូvរូងមួយ។ សំណួរចម្បងដែលក្រុមអ្នកសង្កេតត្រូវស្វែងរកចម្លើយ គឺតើហេតុអ្វីបានជារថភ្លើងទាំងពីររត់នៅលើផ្លូវដែកតែមួយ នៅពេលពួកវាបុកគ្នា។

គួរបញ្ជាក់ថា មានមនុស្សប្រហែល៣៥០នាក់ ជិះនៅលើរថភ្លើងដឹកអ្នកដំណើរ ខណៈនៅលើរថភ្លើងដឹកទំនិញ មានមនុស្សត្រឹម២នាក់ប៉ុណ្ណោះ។ វាគឺជាគ្រោះថ្នាក់រថភ្លើងផ្តាច់ជីវិតមនុស្សច្រើនបំផុត ដែលប្រទេសក្រិកមិនធ្លាប់ជួបប្រទះឡើយ ក្នុងរយៈពេលប្រមាណជា៥០ឆ្នាំមកនេះ៕