(ប៉េកាំង)៖ ទាក់ទិននឹងការលើកឡើងដ៏ខុសឆ្គងរបស់លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់ កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ភាគីចិនសូមដាស់តឿនអាមេរិកឱ្យបញ្ឈប់ការប្រព្រឹត្តិដ៏អាក្រក់ ក៏ដូចជាបញ្ឈប់ការបំភាន់ភ្នែករបស់អ្នកផងទាំងពួង និងនិយាយតែផ្តេសតែផ្តាសទៀត។ ប្រសិនបើភាគីអាមេរិកធ្វើតាមតែទំនើងចិត្ត នោះ មុខជានឹងបណ្តាលឱ្យកើតមានផលវិបាកដ៏ធ្ងន់ធ្ងរជាមិនខាន ហើយភាគីអាមេរិកក៏មុខជានឹងបង់តម្លៃយ៉ាងខ្លាំងដោយសាររឿងនេះផង ដែរ ។

មានអ្នកសារព័ត៌មានសួរថា៖លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានអះអាងនាពេលថ្មីៗកន្លងទៅនេះថា វិបតិ្តនៅច្រកសមុទ្រតៃវ៉ាន់គឺជាបញ្ហាដែលពិភពលោកទាំងមូល បាននិងកំពុងយកចិត្តទុកដាក់ ។ ប្រសិនបើកើតមានវិបត្តិនៅតំបន់តៃវ៉ាន់ ដោយសារ "ការឈ្លានពាន" របស់ចិន នោះ វានឹងនាំមកនូវផលវិបាកជាលក្ខណៈគ្រោះមហន្តរាយ ដល់បណ្តាប្រទេសនានានិងសេដ្ឋកិច្ចពិភពលោក ។ លោកស្រី Mao Ning បានលើកឡើងថា ការលើកឡើងបែបនេះ គឺគ្មានភាពទទួលខុសត្រូវបំផុតនិងគួរឱ្យអស់សំណើច ហើយប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ជាស្នូលនៃផលប្រយោជន៍គន្លឹះរបស់ចិន ជាបញ្ហាពីឫសគល់បំផុតនៃមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមដ៏សំខាន់បំផុត ដែលមិនអាចបំពានបានក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ ប្រទេសចិនមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាដាច់ខាត ៕

វិទ្យុមិត្តភាពកម្ពុជាចិន