(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រាប់ឱ្យទីភ្នាក់ងារ FSB ដែលទទួលបន្ទុកសន្តិសុខក្នុងប្រទេស បង្កើនសកម្មភាព​របស់ខ្លួន ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ជាការកើនឡើងនៃការធ្វើចារកម្មនិងវិច្ឆេទកម្មរបស់អ៊ុយក្រែន ក៏ដូចជាក្រុមប្រទេសលោកខាងលិច ប្រឆាំងមកលើប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

លោក ពូទីន បាននិយាយថា FSB ត្រូវតែបញ្ឈប់កុំឱ្យក្រុមបង្កវិច្ឆេទកម្មពីអ៊ុយក្រែន អាចចូលក្នុងរុស្ស៉ីបាន ព្រមទាំងបង្កើនការការពារចំពោះ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ហើយទប់ស្កាត់កុំឱ្យបណ្តាញស៉ើបការណ៍សម្ងាត់របស់លោកខាងលិច ធ្វើឱ្យរស់ឡើងវិញនូវអ្វីដែលលោកហៅថា ជាភ្នាក់ងារ​ក្រុមភេរវករឬក្រុមជ្រុលនិយម នៅក្នុងប្រទេសរុស្ស៉ី។ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «បណ្តាញចារកម្មលោកខាងលិច តែងតែមាន​សកម្មភាពនៅរុស្ស៉ី ហើយឥឡូវពួកគេបានបង្កើនភ្នាក់ងារ ក៏ដូចជាធនធានបច្ចេកទេសនិងធនធានដទៃទៀត ដើម្បីប្រឆាំងមកលើយើង ដូច្នេះពួកយើង​ចាំបាច់ត្រូវឆ្លើយតប ឱ្យសមស្របទៅតាមនោះដែរ»

លោក ពូទីន បានបង្គាប់ឱ្យទីភ្នាក់ងារ FSB រារាំងលំហូរសព្វាវុធខុសច្បាប់ចូលក្នុងប្រទេសរុស្ស៉ី និងពង្រឹងសន្តិសុខនៅតំបន់ទាំង៤ ក្នុងប្រទេសអ៊ុយក្រែន ដែលទីក្រុងមូស្គូដណ្តើមយកបាន ហើយប្រកាសចូលជាឧបសម្ព័ន្ធរបស់ខ្លួន។ ជាចុងក្រោយលោក ពូទីន បានសង្កត់ធ្ងន់ថា FSB ត្រូវតែពង្រឹងសកម្មភាព​គ្រប់ផ្នែករបស់ខ្លួន ពាក់ព័ន្ធនឹងការទប់ទល់សកម្មភាពស៉ើបការណ៍សម្ងាត់របស់បរទេស។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ពូទីន បានបញ្ជាឱ្យបើកការឈ្លានពានលើអ៊ុយក្រែនមក ប្រទេសរុស្ស៉ីបានមើលឃើញ ការវាយប្រហារដោយដ្រូននៅលើទឹកដី​របស់ខ្លួន ការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាលើប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល ការធ្វើឃាតកូនស្រីអ្នកជាតិនិយមរុស្ស៉ីល្បីឈ្មោះម្នាក់ ដែល​គាំទ្រសង្រ្គាមឈ្លានពាននេះ ក៏ដូចជាការវាយប្រហារលើមូលដ្ឋានយោធា និងការបំផ្ទុះស្ពាននៅតំបន់គ្រីមៀ ដែលជាទឹកដីអ៊ុយក្រែនត្រូវរុស្ស៉ីក្រសោបយក ​កាលពីឆ្នាំ២០១៤។ យ៉ាងណាមិញ ពុំមានក្រុមឬប្រទេសណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះសកម្មភាពទាំងអស់នេះឡើយ៕