(វ៉ាស៉ីនតោន)​៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកមិនរំពឹងឡើយថា រុស្ស៉ីនឹងអាចដណ្តើម​កាន់កាប់ទឹកដី បានធំដុំបន្ថែមទៀតនៅអ៊ុយក្រែន សម្រាប់រយៈពេលខ្លីខាងមុខ ខណៈលោកមើលឃើញថា សមរភូមិជួរមុខនៃសង្រ្គាមដែលមានរយៈពេល១ឆ្នាំមក​នេះ គឺហាក់កំពុងស្ថិតក្នុងសភាពគាំងស្តូក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

លោក ខូលីន ខាល (Colin Kahl) អនុរដ្ឋមន្រ្តីការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយ បានថ្លែងក្នុងសភាអាមេរិកយ៉ាងដូច្នេះថា «អ្នកប្រហែលនឹង​មើលឃើញ ទឹកដីតូចៗត្រូវផ្លាស់ប្តូរការកាប់កាន់ ក្នុងពេលប៉ុន្មានសប្តាហ៍និងប៉ុន្មានខែទៀត ប៉ុន្តែខ្ញុំមិនគិតថា មានអ្វីដែលខ្ញុំមើលឃើញហើយបង្ហាញតំរុយថា រុស្ស៉ីនឹងអាចធ្វើការវាយលុកដោយរលូន រួចដណ្តើមបានទឹកដីធំដុំបន្ថែមទៀតនៅអ៊ុយក្រែន សម្រាប់កំលុងពេលប្រមាណជា១ឆ្នាំខាងមុខនេះឡើយ»

ទោះបីការប៉ុនប៉ងវាយដណ្តើមកាន់កាប់រដ្ឋធានីកៀវរបស់អ៊ុយក្រែន មិនសម្រេចបានជោគជ័យ កំលុងដំណាក់កាលដំបូងនៃសង្រ្គាមឈ្លានពានរបស់ខ្លួន រួមទាំងភាពបរាជ័យនៅលើសមរភូមិជាបន្តបន្ទាប់ នាពេលក្រោយៗមកទៀត ក៏ដោយក្តី បច្ចុប្បន្នរុស្ស៉ីនៅតែកំពុងបន្តគ្រប់គ្រងប្រហែល១ភាគ៥ នៃទឹកដីសរុប​របស់អ៊ុយក្រែន។ ទីក្រុងកៀវបានច្រានចោលនូវលទ្ធភាព នៃការជួបពិភាក្សាគ្នាដោយសន្តិវិធីជាមួយទីក្រុងមូស្គូ ដរាបណា​កងទ័ពរបស់រុស្ស៉ី នៅតែមិនត្រូវបានដាកចេញពីព្រំប្រទល់របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កងកម្លាំងរុស្ស៉ីបានបន្តព្យាយាមជំរុញទៅមុខ នៃកិច្ចប្រឹងប្រែងជាច្រើនសប្តាហ៍មកហើយរបស់ពួកគេ ក្នុងការឡោមព័ទ្ធដើម្បី​កាន់កាប់ទីក្រុងបាកមូត (Bakhmut) នៅភាគខាងកើតអ៊ុយក្រែន ជាទីដែលមេបញ្ជាការកងកម្លាំងជើងគោករបស់អ៊ុយក្រែន បានពិពណ៌នាទៅលើ​ស្ថានការណ៍ថា មានភាពតានតឹងជាខ្លាំង៕