(អង់ការ៉ា)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាថានឹងជួយដល់ទីក្រុងអង់ការ៉ា ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីដ៏សាហាវដែលបានឆក់យកអាយុជីវិតមនុស្សលើស ៥០,០០០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគី និងប្រទេសស៉ីរី ក្នុងរយៈពេល៣សប្តាហ៍មកនេះ ធ្វើឲ្យប្រជាជនក្នុងប្រទេសតួកគីជាង ១០៨,០០០នាក់រងរបួស ដោយបន្សល់ទុកមនុស្សរាប់លាននាក់ឲ្យរស់នៅក្នុងតង់ ឬស្វែងរកការផ្លាស់ទីលំនៅទៅកាន់ទីក្រុងផ្សេងទៀត។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារប្រទេសតួកគី ដោយសម្លាប់មនុស្ស ២នាក់ និងរបួស ១៤០នាក់ ខណៈមនុស្ស ៣២នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីសុខាភិបាលតួកគី លោក ហ្វារ៉េទីន ខូកា (Fahrettin Koca) នៅទីក្រុងអង់ការ៉ា ដែលជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ លោក តេដ្រូស បានគូសបញ្ជាក់ថា «ហេតុការណ៍ទាំងនេះគឺដូចជាការឆ្លងមេរោគផ្លូវដង្ហើម ការឆ្លងមេរោគក្នុងពោះវៀនដែរ ជាពិសេសបញ្ហាសុខភាពផ្លូវចិត្ត។ ដោយសារតែមនុស្សជាច្រើនមានរបួស និងត្រូវការសេវាស្តារនីតិសម្បទា។ ពីខាងអង្គការសុខភាពពិភពលោក យើងនឹងគាំទ្រតាមមធ្យោបាយដែលអាចធ្វើទៅបាន ដោយផ្អែកលើបញ្ហាដែលបានសង្កេត ឬចងក្រងជាឯកសារ និងផ្អែកលើតម្រូវការអាទិភាពរបស់ក្រសួងសុខាភិបាលតួកគី»។

គួរបញ្ជាក់ថា អគារជាង ១៦០,០០ខ្នង ដែលក្នុងនោះមានបន្ទប់ចំនួន ៥២០,០០០ បានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងនានា នៃប្រទេសតួកគី ដោយគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត៕