(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍មួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលហាក់មានខ្លឹមសារចង់សំដៅរិះគន់មកលើ ច្បាប់កំណែទម្រង់ការបោះឆ្នោតមួយ នៅក្នុងប្រទេសរបស់លោក ដោយចោទថាសហរដ្ឋអាមេរិក នៅតែប្រកាន់ទម្លាប់ដើរជ្រៀតជ្រែកកិច្ចការរបស់បណ្តាប្រទេសជិតខាង។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

លោកប្រធានាធិបតីម៉ិកស៉ិកបានលើកឡើងថា បច្ចុប្បន្ននៅក្នុងប្រទេសលោក គឺសម្បូរប្រជាធិបតេយ្យជាងនៅសហរដ្ឋអាមេរិកទៅទៀត ហើយលោកបន្តថា អាមេរិកតែងតែលូកដៃជ្រៀតជ្រែកក្នុងបញ្ហា ដែលមិនជាប់ពាក់ព័ន្ធអ្វីទាល់តែសោះជាមួយខ្លួន។ ការបញ្ចេញប្រតិកម្មបែបនេះរបស់លោក អូប្រាដ័រ កើតឡើង បន្ទាប់ពីមួយថ្ងៃមុន ក្រសួងការបរទេសអាមេរិកបានបញ្ចេញមតិពាក់ព័ន្ធច្បាប់មួយ ដែលនឹងកាត់បន្ថយកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងាររៀបចំការបោះឆ្នោត​របស់ប្រទេសម៉ិកស៉ិក។

ទីក្រុងវ៉ាស៉ីនតោនមិនបាននិយាយរិះគន់ចំៗ ចំពោះច្បាប់ខាងលើឡើយ ប៉ុន្តែបានលើកឡើងថា ខ្លួនគាំទ្រឱ្យស្ថាប័នរៀបចំការបោះឆ្នោតមានលក្ខណៈឯករាជ្យ និងមានធនធានសមប្រកបគ្រប់គ្រាន់ ដើម្បីពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ យ៉ាងណាក្តី ការបញ្ចេញមតិរបស់អាមេរិកនេះបានធ្វើឱ្យលោក អូប្រាដ័រ មិនពេញចិត្តជាខ្លាំង។ បន្ទាប់ពីទទួលបរាជ័យក្នុងសំឡេងប្រផិតប្រផើយ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីលើកទីមួយកាលពីឆ្នាំ២០០៦ លោក អូប្រាដ័រ បានចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោត ហើយលោកតែងតែរិះគន់ជាប់ ចំពោះទីភ្នាក់ងាររៀបចំការបោះឆ្នោតរបស់ម៉ិកស៉ិក ចាប់ពីពេលនោះ​មក។

គួរបញ្ជាក់ថា ប្រធានាធិបតីម៉ិកស៉ិក ត្រូវបានរដ្ឋធម្មុនុញ្ញរបស់ប្រទេស កំណត់ឱ្យកាន់អំណាចបានត្រឹមតែ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល៦ឆ្នាំ។ ដូច្នេះ​លោក អូប្រាដ័រ នឹងមិនអាចឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី​ ដែលត្រូវធ្វើឡើងនៅឆ្នាំក្រោយនោះឡើយ ក៏ប៉ុន្តែ​គណបក្សរបស់លោក ត្រូវបានចាត់ទុកជាគណបក្សមួយដែលនាំមុខគេ៕