(បាកដាដ)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានទៅដល់ប្រទេសអ៉ីរ៉ាក់នៅថ្ងៃអង្គារសប្តា៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៦ឆ្នាំមកនេះ ដើម្បីបង្ហាញពី «សាមគ្គីភាព» បន្ទាប់បពីមានវិបត្តិនយោបាយក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

លោក ហ្គូតឺរ៉េស បាននិយាយថា លោកចង់បង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងស្ថាប័នប្រជាធិបតេយ្យនៃប្រទេសអ៉ីរ៉ាក់ រួមទាំងសាមគ្គីភាព ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទាំងស្រុង របស់ UN ក្នុងការគាំទ្រការបង្រួបបង្រួមនៃគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសអ៉ីរ៉ាក់។ លោក ហ្គូតឺរ៉េស បានបន្ថែមថា លោកក៏ចង់បង្ហាញពីទំនុកចិត្តរបស់លោកលើប្រជាជនអ៉ីរ៉ាក់ថា នឹងអាចយកឈ្នះលើការលំបាក រួមទាំងបញ្ហាប្រឈមដែលពួកគេនៅតែជួបប្រទះ តាមរយៈកិច្ចសន្ទនា ដោយបើកចំហនិងយោគយល់។

គួរបញ្ជាក់ថា ដំណើរបំពេញទស្សកិច្ចលើកចុងក្រោយនៅប្រទេសអ៉ីរ៉ាក់របស់លោក ហ្គូតឺរ៉េស បានធ្វើឡើងកាលពីឆ្នាំ២០១៧។ កំឡុងពេលស្ថិតនៅក្នុង ទីក្រុងបាកដាដ លោក ហ្គូតឺរ៉េស គ្រោងជួបប្រធានាធិបតី លោក មហាំម៉េដ សាអៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) ក៏ដូចជាអ្នកតំណាងក្រុមសិទ្ធិស្ត្រីនិងយុវជន។ ហើយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក ហ្គូតឺរ៉េស នឹងទៅទស្សនាកាន់ជុំជនភៀសខ្លួន ដែលនៅភាគខាងជើងនៃប្រទេស មុនពេលទៅទីក្រុងអេប្រ៊ីល (Erbil) ដើម្បីជួបជាមួយតំណាងក្រុមជនជាតិឃឺដក្នុងតំបន់នៃប្រទេសអ៉ីរ៉ាក់៕