(យូអិន)៖ បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង នឹងស្ថិតលើរបៀបវារៈនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) តាមការស្នើសុំរបស់សហរដ្ឋអាមេរិក និងប្រទេសអាល់បានី បន្ទាប់ពីពួកគេបានដាក់លិខិតមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយមានការគាំទ្រពីប្រទេសមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កំណត់ទូតខ្លីមួយដែលផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥ ប្រទេស ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងប្រទេសអាល់បានី ព្រមទាំងមានការគាំទ្រពីប្រទេសចំនួន ៥៩ផ្សេងទៀត រួមទាំងសហភាពអឺរ៉ុបផងដែរ។ យោងតាមនីតិវិធីរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រសិនបើការប្រជុំសាធារណៈ មិនបានធ្វើឡើងតាមរបៀបវារៈដែលបានដាក់ចេញ ក្នុងរយៈពេល ៣ឆ្នាំ នោះវានឹងត្រូវលុបចេញដោយស្វ័យប្រវត្តិ លុះត្រាតែមានសមាជិកណាមួយធ្វើការជំទាស់។ ដូច្នេះមានន័យថាសំណុំរឿង សិទ្ធិមនុស្សនៅកូរ៉េខាងជើង នឹងនៅតែមាននៅក្នុងរបៀបវារៈ UN សម្រាប់រយៈពេលមួយឆ្នាំទៀត។

ការសម្រេចបែបនេះទំនងជាធ្វើឲ្យទីក្រុងព្យុងយ៉ាងកាន់តែខឹងសម្បារ ពីព្រោះម្តងហើយម្តងទៀតទីក្រុងព្យុងយ៉ាងតែងតែបដិសេធការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្ស ហើយដាក់បន្ទុកទៅលើការដាក់ទណ្ឌកម្មជាអន្តរជាតិ ចំពោះវិបត្តិមនុស្សធម៌។ យ៉ាងនេះក្តី ស្ថានបេសកកម្មរបស់កូរ៉េខាងជើងប្រចាំ UN នៅទីក្រុងញូយ៉ក មិនបានឆ្លើយតបចំពោះសំណើ សុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ UN លើកម្មវិធីមីស៊ីលផ្លោង និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែផ្តល់ការលើកលែង សម្រាប់ការផ្តល់ជំនួយមនុស្សធម៌។ ក្រុមប្រឹក្សាសន្តិសុខ UN បានពិភាក្សាគ្នារៀងរាល់៣ឆ្នាំម្តងអំពីបញ្ហាសិទ្ធិនៅក្នុងប្រទេសកូរ៉េខាងជើង ខណៈចិន និងរុស្ស៊ីតែងជំទាស់នឹងបញ្ហាដែល បានលើកឡើង ដោយសំអាងលើការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕