(អាថែន)៖​ កងពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន ២៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៨៥នាក់នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបុកគ្នាក្នុងប្រទេសក្រិក កាលពីល្ងាច ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈមូលហេតុដែលបណ្តាលឲ្យមានឧប្បត្តិហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

អភិបាលនៃតំបន់ថេសសាលី (Thessaly) លោក កុនស្តែនទីណូស អាហ្គូរ៉ាសតូស (Konstantinos Agorastos) បានប្រាប់ទូរទស្សន៍ SKAI របស់ប្រទេសក្រិកឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿងចេញពីទីក្រុងអាថែន (Athens) ទៅកាន់ទីក្រុងថេសសាឡូនីគី (Thessaloniki) ស្ថិតនៅឯភាគខាងជើងប្រទេស បានបុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតនៅខាងក្រៅ ទីក្រុងឡារីសសា (Larissa) ដែលស្ថិតនៅភាគកណ្តាលប្រទេសក្រិក។ ទូរថភ្លើងចំនួន៤នៃរថភ្លើងដឹកអ្នកដំណើរបានក្រឡាប់ចេញពីផ្លូវ ហើយក្នុងនោះទូរថភ្លើងពីរខាងមុខត្រូវឆេះ ហើយបំផ្លាញស្ទើរតែទាំងស្រុង ក្រោយការបុកទង្គិចគ្នា។

អ្នកដំណើរប្រហែល ២៥០នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ទីក្រុងថេសសាឡូនីគី តាមរយៈរថយន្តក្រុង។ បើតាមអ្នកនាំពាក្យកងពន្លត់អគ្គីភ័យ ការជម្លៀសអ្នកដំណើរស្ថិតក្នុង ស្ថានភាពលំបាកខ្លាំង ដោយសារភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នានៃរថភ្លើងទាំងពីរ។

គួរបញ្ជាក់ថា មកទល់នឹងព្រឹកព្រលឹមថ្ងៃពុធនេះ ទូរទស្សន៍រដ្ឋ ERT បានចេញផ្សាយសកម្មភាពក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងបន្តស្វែងរកអ្នកនៅមានជីវិត នៅឯទីវាលជុំវិញកន្លែងកើតហេតុ៕