(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធនេះបានឲ្យដឹងថាយន្តហោះចម្បាំងរបស់កងទ័ពអាកាសចិនចំនួន ១៩គ្រឿង បានហោះចូលក្នុងតំបន់កំណត់​អត្តសញ្ញាណការពារដែនអាកាស របស់ខ្លួន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ និងបានទុកថានេះជាសកម្មភាពបំពានជាប់ជាប្រចាំពីសំណាក់ទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថា យន្តហោះចម្បាំង J-10 ចំនួន១៩គ្រឿង បានហោះហើរចូលទៅក្នុងផ្នែកភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ បើទោះបីជាវាស្ថិតនៅជិតឆ្នេរសមុទ្រចិនជាងកោះតៃវ៉ាន់ក៏ដោយ។ កងកម្លាំងតៃវ៉ាន់បានតាមដានសកម្មភាពនេះ រួមទាំងការបញ្ជូនយន្តហោះទ័ពអាកាស ដែលជាធម្មតាធ្លាប់ប្រើប្រាស់ ដើម្បីឆ្លើយតបចំពោះសកម្មភាពរបស់យន្តហោះចិនបែបនេះ។

យ៉ាងនេះក្តី ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា យន្តហោះចម្បាំងចិនទាំងនេះមិនបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល (median) ដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់នោះទេ ហើយយន្តហោះរបស់ ចិន គ្រាន់តែហោះហើរនៅក្នុងតំបន់ ADIZ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ADIZ គឺជាតំបន់ដ៏ទូលំទូលាយដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ។ ជារឿយៗប្រទេសចិននិយាយថា សកម្មភាពរបស់ខ្លួន នៅក្នុងតំបន់នេះគឺជារឿងសមស្រប ដោយការព្យាយាមការពារបូរណភាពទឹកដី៕