(តូក្យូ)៖ មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ បាននិយាយថារដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) នឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G-20 ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ក្នុងនោះរួមមានទាំងសារព័ត៌មាន Nikkei មន្ត្រីរដ្ឋាភិបាលជប៉ុនខាងលើ បានបញ្ជាក់ដែរថាវាក៏មិនច្បាស់នោះដែរថាតើ លោក ហាយ៉ាស៉ិ នឹងមានវត្តមានក្នុងកិច្ចប្រជុំនៃក្រុមប្រទេសក្វាដ (Quad) ជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងឥណ្ឌា នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែ បង្ហើបថាអវត្តមានរបស់លោក ហាយ៉ាស៉ិ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20​ រៀបចំឡើងនៅឯទីក្រុងញូវដេលី ប្រទេសឥណ្ឌា គឺដោយសារតែរូបលោកត្រូវចូលរួមក្នុងកិច្ចប្រជុំរបស់ គណៈកម្មាធិការមួយនៃសភាជប៉ុន។ មន្ត្រីជប៉ុនរូបនេះដដែលបន្ថែមទៀតថា រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន លោក ខេនជិ យ៉ាម៉ាដា (Kenji Yamada) នឹងធ្វើជាអ្នកតំណាងប្រទេសជប៉ុនចូលរួមកិច្ចប្រជុំនៅឥណ្ឌា។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីអវត្តមានរបស់លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៉ិ កើតមានឡើង ខណៈជប៉ុនកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងសន្តិសុខជាមួយឥណ្ឌា នៅចំពោះមុខការ ព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិន និងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕