(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាអ៉ីរ៉ង់អាចនឹងផលិតគ្រឿងបញ្ឆេះនុយក្លេអ៊ែរ ដែលគ្រប់គ្រាន់អាចផលិតបានគ្រាប់បែកនុយក្លេអ៊ែរ មួយគ្រាប់ ដោយប្រើពេលត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ ហើយនេះខុសគ្នាស្រឡះទៅនឹងការវាយតម្លៃកាលពីពេលមុនដែលថាអ៉ីរ៉ង់អាចនឹងប្រើពេលមួយឆ្នាំ។ នេះបើតាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការគោលនយោបាយ លោក Colin Kahl ធ្វើការកត់សម្គាល់ខាងលើនៅក្នុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងជាការឆ្លើយតបទៅនឹងសំណួររបស់សភាតំណាងរាស្ត្របក្សសាធារណរដ្ឋម្នាក់ ដែលចោទសួរថាតើ ហេតុអ្វីបានជារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ស្វះស្វែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញជាមួយអ៉ីរ៉ង់ ហៅកាត់ថា JCPOA។

ថ្លែងនាឱកាសនោះ លោក Colin Kahl បានគូសបញ្ជាក់ដូច្នេះថា «កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់មានភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ ចាប់តាំងពីយើងបានដកខ្លួនចេញពី JCPOA ដោយបើត្រឡប់ទៅកាន់ឆ្នាំ២០១៨ នៅពេលពេលរដ្ឋបាលមុន (រដ្ឋបាលលោក ត្រាំ) សម្រេចចិត្តដកខ្លួនចេញពី JCPOA អ៉ីរ៉ង់ត្រូវការពេល ១២ខែ ដើម្បីអាចផលិតគ្រឿង បញ្ឆេះនុយក្លេអ៊ែរ សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់។ ប៉ុន្តែ បច្ចុប្បន្ន អ៉ីរ៉ង់អាចនឹងប្រើពេលត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ»។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានទទួលស្គាល់ថាអ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជិតដល់កម្រិតដែលអាចផលិត គ្រាប់បែកនុយក្លេអ៊ែរ នៅឯរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហ្វ័រដូវ (Fordow) រហូតដល់ទៅកម្រិត ៨៣.៧ភាគរយ ខណៈកម្រិត ៩០ភាគរយគឺគ្រប់គ្រាន់អាចនឹងផលិត បានគ្រាប់បែកនុយក្លេអ៊ែរ៕