(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក រឹតបន្តឹងការគ្រប់គ្រងតំបន់ព្រំដែនជាប់ជាមួយអ៊ុយក្រែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការវាយប្រហារដោយ យន្ដហោះដ្រូនជាបន្តបន្ទាប់ដែលរុស្ស៉ីទម្លាក់កំហុសទៅលើទីក្រុងកៀវ និងកំពុងក្លាយជាបញ្ហាប្រឈមថ្មីមួយសម្រាប់ទីក្រុងមូស្គូ ក្នុងរយៈពេលមួយឆ្នាំមកនេះនៃសង្រ្គាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។

បទបញ្ជាខាងលើរបស់លោក ពូទីន ត្រូវបានដាក់ចេញ ក្រោយយន្ដហោះដ្រូនមួយគ្រឿងបានធ្លាក់នៅចម្ងាយជាង ១០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុង សុន្ទរកថាមួយ លោក ពូទីនផ្ទាល់មិនបានបញ្ជាក់លម្អិតពីការវាយប្រហារណាមួយទេ ប៉ុន្តែបទបញ្ជារបស់លោកកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារដោយ យន្ដហោះដ្រូនលើទីតាំងជាច្រើនកន្លែង នៅក្នុងតំបន់ភាគអាគ្នេយ៍ និងភាគខាងលិចនៃប្រទេសរុស្ស៉ី ដោយបង្ខំឱ្យមានការបិទដែនអាកាសពីលើទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg) ជាបណ្ដោះអាសន្នមួយរយៈពេលខ្លីផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូននាពេលកន្លងមក នៅក្នុងទឹកដីរុស្ស៉ី មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស និងស្លាប់នោះទេ ប៉ុន្តែវាបានបង្កជាបញ្ហាប្រឈមថ្មីមួយខាង សនិ្តសុខសម្រាប់រុស្ស៉ី។ ចំណែកឯ អ៊ុយក្រែនក៏មិនដែលទទួលស្គាល់ជាផ្លូវការ ចំពោះការវាយប្រហារដោយយន្ដហោះដ្រូនបែបនេះនោះដែរ៕