(ប៉េកាំង)៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko នឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលលោកនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានចេញឯកសារគោលជំហរ ស្តីពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយទទូចថា ខ្លួនជាភាគីអព្យាក្រឹត និងអំពាវនាវឱ្យមានកិច្ចសន្ទនារវាងភាគីទាំងពីរ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិន ស៊ីនហួ មេដឹកនាំបេឡារុសរូបនេះបាននិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយ «មិត្តចាស់» លោក ស៊ី។

ស៊ីនហួបានបន្ថែមថា លោកក៏បានសរសើរចំពោះជំហរទីក្រុងប៉េកាំងថា ជា «សក្ខីកម្មចំពោះគោលនយោបាយការបរទេសដោយសន្តិវិធី និងប្រកបដោយភាពច្នៃប្រឌិតដែលនឹងមានឥទ្ធិពលយ៉ាងទូលំទូលាយជុំវិញពិភពលោក»។

លោក Lukashenko បានសង្កត់ធ្ងន់ថា «សព្វថ្ងៃនេះ មិនមានបញ្ហាណាមួយនៅក្នុងពិភពលោក អាចត្រូវបានដោះស្រាយដោយគ្មានប្រទេសចិននោះទេ»

គួរបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមុន លោក ស៊ីន ជីនពីង និងលោក Lukashenko បានជួបគ្នានៅទីក្រុង Samarkand របស់ប្រទេស Uzbek ជាកន្លែងដែលពួកគេបានសាទរម្តងទៀតនូវភាពជាដៃគូ «គ្រប់អាកាសធាតុ» នៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ លោក Lukashenko ទៅកាន់ទីក្រុងប៉េកាំងនេះទៀតសោត ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសាកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងបេឡារុស្សរយៈពេលមួយឆ្នាំទៀត ជុំវិញការគាបសង្កត់ក្រុមប្រឆាំងនយោបាយ និងការគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមរបស់រុស្ស៊ី៕