(កៀវ)៖ ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធមិត្តយោធា «សម្រាប់រយៈពេលវែង» ដោយបានសង្កត់ធ្ងន់ថា បញ្ហាបន្ទាន់គឺរក្សាជាប្រទេសឯករាជ្យ ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Helsinki របស់ហ្វាំងឡង់ថា សម្ព័ន្ធមិត្តណាតូបានយល់ព្រមថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពរបស់យើង ប៉ុន្តែនៅពេលជាមួយគ្នានេះគឺជាទស្សនវិស័យរយៈពេលវែង»។

លោក Stoltenberg បានបន្ថែមថា «បញ្ហានៅពេលនេះគឺថា អ៊ុយក្រែនឈ្នះជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព ដូច្នេះហើយយើងត្រូវតែគាំទ្រប្រទេសអ៊ុយក្រែន»

គួរបញ្ជាក់ថា បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឱ្យក្រុមចម្រុះយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ផ្តល់សិទ្ធិឱ្យប្រទេសរបស់លោកក្លាយជាសមាជិកយ៉ាងឆាប់រហ័ស។ អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបក្នុង ខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការលុកលុយរបស់រុស្ស៉ី ហើយត្រូវបានផ្តល់ឋានៈជាបេក្ខជននៅក្នុងខែមិថុនា៕