(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកមានផែនការបង្កហេតុនៅអ៊ុយក្រែន ដោយព្យាមយាមលើកឡើងពី ការប្រើប្រាស់សារធាតុគីមីពុល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អ៉ីហ្គ័រ គីរីលូវ (Igor Kirillov) នាយទាហាននៃទីបញ្ជាការការពារសារធាតុវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានគូសបញ្ជាក់ក្នុងសន្និសីទខ្លីមួយថា «យើងចាត់ទុកព័ត៌មាននេះថាជាចេតនាបង្កហេតុ របស់សហរដ្ឋអាមេរិក និងបក្ខពួករបស់ពួកគេ ដោយការព្យាយាមនិយាយអំពីការប្រើប្រាស់សារធាតុគីមីពុល នៅអ៊ុយក្រែន»។ លោក គីរីលូវ បានបន្ថែមថា «រុស្ស៊ីនឹងកំណត់អត្តសញ្ញាណ ហើយដាក់ទោសទណ្ឌជាក់ស្តែង លើអ្នកដែលបង្កហេតុ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់នាយទាហានក្នុងជួរកម្លាំងប្រដាប់អាវុធរុស្ស៉ីខាងលើនេះ គឺដកស្រង់ឆ្លើយតបទៅនឹងសម្តីរបស់ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៊ី លោក ចន ស៊ូលីវ៉ាន (John Sullivan) ដែលនិយាយថា «កងទ័ពរុស្ស៊ីគ្រោងនឹងប្រើប្រាស់ អាវុធគីមីនៅក្នុងតំបន់ ដែលខ្លួនកំពុងធ្វើប្រតិបត្តិការពិសេសនៅឯអ៊ុយក្រែន»