(គូឡាឡាំពួ)៖ ចំពោះមុខការអំពាវនាវឲ្យពិនិត្យឡើងវិញលើប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ ក្នុងប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តី លោក អាន់វ៉ា អ៉ីប្រាហ៉ីម នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា នឹងគ្មានឡើយការដំឡើងប្រាក់បៀវត្សរ៍ក្នុងផែនការថវិកាឆ្នាំ២០២៣ ព្រោះថាការធ្វើដូច្នេះអាចនាំឲ្យមានឱនភាពថវិកាដ៏ធំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សារព័ត៌មានបឺណាម៉ា (Bernama) បានដកស្រង់សម្តីរបស់លោក អាន់វ៉ា បន្ទាប់ពីថ្លែងសុន្ទរកថានៅឯវេទិកាអន្តរជាតិស្តីពីសាសនិកអ៉ីស្លាម ដែលគូសបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហារបស់យើងឥឡូវនេះគឺយើងមាន បំណុលចំនួន ១.៥ទ្រីលានរីងហ្គីត ឬស្មើនឹង ៣៣៥ពាន់លានដុល្លារ ជាមួយនិងឱនភាពថវិកាបច្ចុប្បន្នចំនួន ៥.៦ភាគរយ។ ប្រសិនបើយើងដំឡើងប្រាក់ខែ នោះឱនភាពថវិការបស់យើងអាចកើនឡើងដល់ ៦.៥ភាគរយ។ ឱនភាពថវិកាខ្ពស់អាចរារាំងអ្នកវិនិយោគធំៗ ពីការបណ្តាក់ទុននៅក្នុងប្រទេស»

លោក អាន់វ៉ា ដែលមានតួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះបានបន្ថែមថា «គ្មាននរណាហ៊ានមកវិនិយោគ ក្នុងប្រទេសយើងទេ ព្រោះគេនឹងគ្មានទំនុកចិត្តថា យើងមានឆន្ទៈនយោបាយខ្លាំងក្នុងការគ្រប់គ្រងប្រទេសបានល្អ។ ដូច្នេះសូមអត់ធ្មត់បន្តិចសិន»។ លោក អាន់វ៉ា បានចោទជាសំណួរថា «តើវាមិនសំខាន់ទេក្នុងការព្យាយាមជួយអ្នកក្រលំបាក ដែលរងគ្រោះច្រើនជាងកម្មករធម្មតា? កសិករ អ្នកនេសាទ និងពលរដ្ឋក្រីក្រក៏មានជីវភាពលំបាកដូចគ្នា ហើយពួកគេក៏កំពុងតស៊ូដើម្បីរកដំណោះស្រាយផងដែរ»

គួរបញ្ជាក់ថា បន្ទាប់មានការប្រកាសអំពីផែនការថវិកាជាតិឆ្នាំ២០២៣ ប្រធានសហភាពសហជីពនិយោជិតក្នុងវិស័យសាធារណៈ និងស៊ីវិលម៉ាឡេស៊ី (CUEPACS) បាននិយាយថា រដ្ឋាភិបាលមិនមានការប្តេជ្ញាចិត្តចំពោះសំណើដំឡើងប្រាក់បៀវត្សរ៍ សម្រាប់មន្ត្រីរាជការនោះទេ។ បើតាម CUEPACS មន្ត្រីរាជការចង់បានប្រព័ន្ធប្រាក់បំណាច់ថ្មីមួយ ដោយលើកហេតុផលថា របបដែលផ្តល់ឲ្យបច្ចុប្បន្នមិនត្រូវបានពិនិត្យចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០២មកម្ល៉េះ ហើយមិនសមស្របតាមបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន៕