(ប៉េកាំង)៖ លោក Li Kunping ដែលមានអាយុ ៨១ ឆ្នាំ ជាអ្នកភូមិ Huangkeng ស្រុក Suichuan ខេត្ត Jiangxi ប្រទេសចិន ហើយគាត់ធ្លាប់ជាគ្រូបង្រៀននៃសាលាបឋមសិក្សានៅក្នុងភូមិនេះផងដែរ។ ដោយសារមូលហេតុដូចជាអ្នកភូមិជាច្រើន បានចំណាកស្រុកចេញទៅធ្វើការនៅទីក្រុង កុមារជាច្រើនមិនបានរស់នៅជាមួយឳពុកម្តាយទេ។

រហូតដល់ឆ្នាំ ២០១២ ក្នុងភូមិនេះ មានកុមារចំនួនជាង ១២០០ នាក់ដែលមិនបានរស់នៅជាមួយឳពុកម្តាយ។ លោក Li Kunping មានការព្រួយបារម្ភចំពោះការសិក្សា ជីវភាពរស់នៅ និងសុវត្ថិភាពរបស់កុមារទាំងនេះ ដែលក៏ជាអ្វីដែលរដ្ឋបាលក្នុងតំបន់ព្រួយបារម្ភផងដែរ។
កាលពីឆ្នាំ ២០១២ រដ្ឋបាលស្រុក Suichuan បានចាប់ផ្តើមអំពាវនាវឱ្យតំបន់នានាក្នុងស្រុកនេះបង្កើត "ផ្ទះសម្រាប់ថែទាំកុមារដែលមិនរស់នៅជាមួយឳពុកម្តាយ" ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋបាល លោក Li Kunping បានក្លាយជា "អាណាព្យាបាលស្តីទី" "គ្រូបង្រៀនបន្ថែមក្រៅម៉ោងរៀនដោយឥតគិតថ្លៃ" និង "អ្នកឃោសនាសុវត្ថិភាព" ។

លោកបានយកប្រាក់សន្សំទាំងអស់របស់ខ្លួនដើម្បីរៀបចំបន្ទប់អានសៀវភៅនៅក្នុងផ្ទះរបស់ខ្លួន ហើយយកដីទំនេរនៅមុខផ្ទះខ្លួនធ្វើជា"កន្លែងកីឡា" ។ "ផ្ទះដ៏កក់ក្ដៅ"របស់លោកបានផ្តល់កន្លែងសិក្សា និងកម្សាន្តដោយឥតគិតថ្លៃសម្រាប់កុមារក្នុងភូមិ។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្នុងរយៈពេល ១០ ឆ្នាំ ក្មេងៗបានឆ្លងពេលឈប់សម្រាកយ៉ាងសប្បាយរីករាយនៅក្នុង "ផ្ទះដ៏កក់ក្ដៅ" នេះ។ ក្មេងៗធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯលោកLi Kunpingបានចាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមានសប្បុរសជនកាន់តែច្រើនបានផ្តល់ជំនួយដល់កុមារក្នុងភូមិ ដើម្បីបន្តក្តីស្រឡាញ់ចំពោះកុមារដោយឥតឈប់ឈរ៕

វិទ្យុមិត្តភាពកម្ពុជាចិន