(កាប៊ុល)៖ មន្រ្តីរដ្ឋាភិបាលតាលីបង់ បានអះអាងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា កងកម្លាំងតាលីបង់បានសម្លាប់ មេបញ្ជាការកំពូលម្នាក់របស់ក្រុមភេរវករ ISIS ដែលជាប់សង្ស័យជាមេខ្លោងនៅពីក្រោយផែនការវាយប្រហារ ប្រឆាំងលើបេសកកម្មការទូតបរទេស នៅក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៉ីដ ( Zabihullah Mujahid) អ្នកនាំពាក្យនៃរដ្ឋាភិបាលតាលីបង់ ដែលបានឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពី​ខែសីហា ឆ្នាំ២០២១មកនោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងតាលីបង់បានផ្តាច់ជីវិត ជនឈ្មោះ ការី ហ្វាតេ (Qari Fateh) ដែលជាប្រមុខផ្នែក​ចារកម្មនិងប្រតិបត្តិការរបស់ ISIS-K កំលុងប្រតិបត្តិការមួយកាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន។ បើតាមលោក មូចាហ៉ីដ ជន ហ្វាតេ នេះហើយគឺជាមេក្លោង ដែលបានរៀបចំដោយផ្ទាល់ នូវប្រតិបត្តិការថ្មីៗកន្លងទៅនេះ ក្នុងទីក្រុងកាប៊ុល រួមមានទាំងការវាយប្រហារប្រឆាំងបេសកកម្ម​ការទូតបរទេស ព្រះវិហារ និងគោលដៅដទៃៗទៀត។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីខែកក្កដា ឆ្នាំ២០២២ ជន ហ្វាតេ ត្រូវពិពណ៌នាថា ជាថ្នាក់ដឹកនាំដ៏សំខាន់មួយរបស់បណ្តាញក្រុម ISIS ដែលទទួលបន្ទុកមើលការខុសត្រូវលើ ប្រតិបត្តិការនៅក្នុងតំបន់ដែលរាប់ចាប់ពីឥណ្ឌា អ៉ីរ៉ង់ ដល់​អាស៉ីកណ្តាល៕