(បាងកក)៖ នៅថ្ងៃអង្គារនេះ ថៃនិងសហរដ្ឋអាមេរិកបានចាប់ផ្តើមដឹកនាំ ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំធំមួយ ដែលមានកងទ័ពនិងមន្រ្តីយោធាសរុបច្រើនជាង ៧,០០០នាក់មកពី៣០ប្រទេសនាំគ្នាចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សមយុទ្ធ «ពស់វែកមាស» ដែលបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដ៏ចំណាស់បំផុតមួយរបស់ពិភពលោក និងធំជាងគេ​បង្អស់​ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍។ ព្រឹត្តិការណ៍លំហាត់យោធានេះបម្រើជាវេទិកាគន្លឹះមួយ សម្រាប់ឱ្យទីក្រុងវ៉ាស៉ីនតោនពង្រឹងសម្ព័ន្ធភាពរបស់ខ្លួននៅតំបន់អាស៉ី ក្នុងគ្រាដែលអាមេរិកកំពុងប្រឈម ការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយចិន ដែលជាមហាយក្សក្នុងតំបន់។

បន្ទាប់ពីត្រូវបានកាត់បន្ថយទំហំ អំលុងការរាតត្បាតនៃជំងឺកូវីដ១៩ កងទ័ពអាមេរិកសរុបជិត៦,០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធឆ្នាំនេះ ដែលជាចំនួនច្រើន​មិនធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បើតាមលោក ចន អាគីលីណូ (John Aquilino) ប្រមុខទីបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់​ឥណ្ឌូ-ប៉ាស៉ីហ្វិក។ លោក អាគីលីណូ បាននិយាយថា សមយុទ្ធយោធាខាងលើ ដែលនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១០ ខែមីនា បង្ហាញពីរបៀបដែលការឆ្លើយតប​រួមគ្នានឹងជួយការពារឱ្យតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅតែមានលក្ខណៈសេរីនិងបើកចំហ ដើម្បីឱ្យប្រជាជាតិទាំងអស់អាចរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព។

គួរបញ្ជាក់ថា សមយុទ្ធយោធា «ពស់វែកមាស ២០២៣» មានការចូលរួមពីកងកម្លាំងសរុប៧,៣៩៤នាក់ មកពី៣០ប្រទេស ដែលក្នុងនោះប្រទេសដែលចូល​រួមពេញលេញ រួមមានជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី ខណៈចិន ឥណ្ឌា និងអូស្រ្តាលី ក៏ចូលរួមដែរក្នុងលំហាត់ប្រតិបត្តិការមនុស្សធម៌។ ចំណែកឯ​ប្រទេសចំនួន១០ រួមមានទាំងកម្ពុជា ចូលរួមក្នុងនាមជាក្រុមអ្នកសង្កេតការណ៍ ខណៈ១០ប្រទេសផ្សេងទៀត ចូលរួមក្នុងនាមជា ក្រុមរៀបចំផែនការប្រតិបត្តិការពហុភាគី៕