(កៀវ)៖ ប្រមុខចារកម្មយោធារបស់អ៊ុយក្រែន បានចេញមុខនិយាយផ្ទុយពីការអះអាងនាពេលថ្មីៗនេះ ដែលថាចិនកំពុងពិចារណាបញ្ជូនសព្វាវុធឱ្យទៅរុស្ស៉ី ដោយលើកឡើងថា លោកមិនបានឃើញមានសញ្ញាណាមួយ ទាក់ទងអំពីចេតនាបែបនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយថា ពួកគេមានជំនឿជឿជាក់ខ្ពស់ថា ចិនកំពុងតែពិចារណាផ្តល់សព្វាវុធ​ដល់ទីក្រុងមូស្គូ ហើយកំពុងតែមានយុទ្ធនាការដាក់សម្ពាធផ្នែកការទូត ដើម្បីរារាំងទីក្រុងប៉េកាំងពីការធ្វើយ៉ាងដូច្នោះ។ ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក នៅពេលត្រូវបានចោទសួរអំពីរឿងនេះ លោក គៀរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រមុខចារកម្មយោធាអ៊ុយក្រែនបានឆ្លើយយប​យ៉ាងដូច្នេះថា «ខ្ញុំមិនយល់ឃើញបែបនោះឡើយ។ មកទល់ពេលនេះ ខ្ញុំមិនគិតថាចិននឹងយល់ព្រមផ្ទេរអាវុធឱ្យរុស្ស៉ីនោះទេ។ ខ្ញុំមិនបានមើលឃើញសូម្បីតែ​សញ្ញាដែលបង្ហាញថា រឿងបែបនោះត្រូវបានពិភាក្សា»

គួរបញ្ជាក់ថា ក្នុងខែកុម្ភៈនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានបង្ហាញពីក្តីបារម្ភរបស់ទីក្រុងវ៉ាស៉ីនតោន អំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធពីទីក្រុងប៉េកាំងឱ្យទៅទីក្រុងមូស្គូ កំលុងជំនួបពិភាក្សារវាងលោក ហើយនិងសមភាគីចិន។ ចំណែកកាលពីថ្ងៃអាទិត្យ នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA បាននិយាយថា លោកជឿថាទីក្រុងប៉េកាំងនៅតែកំពុងថ្លឹងថ្លែងលើលទ្ធភាពនៃការធ្វើបែបនោះ។ ស្របពេលគ្នា ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ ក៏បានរាយការណ៍ថា ចិនកំពុងពិចារណាថាគួរឬមិនគួរ ផ្តល់ដ្រូននិងប្រភេទគ្រាប់រំសេវមួយចំនួនឱ្យទៅរុស្ស៉ីផងដែរ៕