(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានប្រកាសទុករយៈពេល៣០ថ្ងៃ ឱ្យទីភ្នាក់ងារទាំងអស់របស់រដ្ឋាភិបាលអាមេរិក លុបបំបាត់កម្មវិធី TikTok ដែលអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ចេញពីឧបករណ៍ទាំងអស់របស់រដ្ឋាភិបាល បន្ទាប់ពីមានការចេញបម្រាមដោយសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

យ៉ាងណាក្តីបម្រាមខាងលើ មិនត្រូវអនុវត្តទៅលើស្ថាប័ននិងក្រុមហ៊ុន នៅក្នុងសហរដ្ឋអាមេរិក ដែលមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិក ឬមួយក៏ប្រជាជនទូទៅរាប់លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមជាសកលនេះឡើយ។ កម្មវិធី TikTok បានក្លាយជាគោលដៅនយោបាយ ដោយសារតែក្តីបារម្ភថា វាអាចត្រូវបានប្រើប្រាស់សម្រាប់ការស៉ើបការណ៍ក៏ដូចជាឃោសនា ដោយគណបក្សកុម្មុយនិស្តចិន បើទោះបីជាក្រុមហ៊ុន ByteDance បានអះអាងជាច្រើនលើកច្រើនសាថា វាមិនយ៉ាងដូច្នោះក៏ដោយ។

គួរបញ្ជាក់ថា ច្បាប់ថ្មីមួយដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែម​ករាកន្លងទៅនេះ កំណត់ហាមឃាត់ចំពោះការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍នានារបស់រដ្ឋាភិបាល។ ច្បាប់នោះក៏ហាមប្រាមផងដែរ ចំពោះការប្រើប្រាស់ TikTok នៅក្នុងសភាតំណាងរាស្រ្ត ហើយនិងព្រឹទ្ធសភារបស់​សហរដ្ឋអាមេរិក។ ដោយឡែក ក្នុងថ្ងៃចន្ទដដែល រដ្ឋាភិបាលប្រទេសកាណាដា ក៏បានចេញបម្រាមដូចគ្នាលែងឱ្យមានកម្មវិធី TikTok នៅលើទូរសព្ទដៃនិងឧបករណ៍នានា​របស់រដ្ឋាភិបាល ក្រោមហេតុផលក្តីបារម្ភអំពីទំហំទិន្នន័យ ដែលទីក្រុងប៉េកាំងអាចទទួលបានពីអ្នកប្រើប្រាស់កម្មវិធីនេះ។ រីឯកាលពីសប្តាហ៍មុនវិញ គណៈកម្មការអឺរ៉ុបបានសម្រេចបញ្ជាឱ្យ បុគ្គលិកខ្លួនទាំងអស់លុបចោលកម្មវិធី TikTok និងហាមលែងឱ្យប្រើប្រាស់តទៅទៀត៕