(អាស្តាណា)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នៅថ្ងៃអង្គារនេះ បានធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថាន ដែលជាផ្នែកនៃដំណើរបំពេញទស្សនកិច្ចមួយ មានគោលដៅបង្កើនតួនាទីរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៉ីកណ្តាល ក្រោមស្រមោលនៃសង្រ្គាមរុស្ស៉ី​នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្រ្តីកាហ្សាក់ស្ថានបានទទួលស្វាគមន៍ លោកប្រមុខការទូតអាមេរិក កាលពីវេលាយប់រំលងអធ្រាត្រក្រោមអាកាសធាតុដ៏ត្រជាក់ នៅឯរដ្ឋធានីអាស្តាណា ជាទីដែលលោកបានជួបពិភាក្សាជាមួយ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស្ស៉ីម-យ៉ូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) មុនបន្តដំណើរឆ្ពោះ​ទៅ ប្រទេសអ៊ូសបេគីស្ថាន។ ជាមួយគ្នានេះ នៅក្នុងទីក្រុងអាស្តាណា លោក ប្លីនខិន ក៏ត្រូវជួបក្រុមរដ្ឋមន្រ្តីការបរទេស នៃអតីតសាធារណរដ្ឋសូវៀតទាំង៥ នៅ​តំបន់អាស៉ីកណ្តាលផងដែរ ដែលរួមមានទាំងកៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន និងតួកម៉េនីស្ថាន។

ដំណើរទស្សនកិច្ចខាងលើ គឺជាទស្សនកិច្ចកម្រិតខ្ពស់បំផុតនៅតំបន់អាស៉ីកណ្តាល ដែលធ្វើឡើងដោយមន្រ្តីនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយវាកើតមានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគម្រប់ខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ បណ្តាប្រជាជាតិនៅតំបន់អាស៉ីកណ្តាល មានទំនាក់ទំនងសន្តិសុខនិងសេដ្ឋកិច្ចយូរអង្វែងមកហើយជាមួយរុស្ស៉ី ប៉ុន្តែផ្ទុយពីបេឡារុសដែលជាអតីតរដ្ឋសូវៀតដូចគ្នា គឺពួកគេពុំបានឈរនៅខាងរុស្ស៉ីពេញទំហឹង ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែនឡើយ។ ប្រទេសអាស៉ីកណ្តាលទាំង៥ បានបោះឆ្នោតអនុបវាទ​ ឬមិនបោះតែម្តងកាលពីសប្តាហ៍មុន ទៅលើដោះស្រាយមួយរបស់​មហាសន្និបាតអង្គការសហប្រជាជាតិ ដែលទាមទារជាថ្មីម្តងទៀតឱ្យទីក្រុងមូស្គូ ដកកងទ័ពទាំងអស់ចេញពីអ៊ុយក្រែន។

គួរបញ្ជាក់ថា បន្ទាប់ពីអាស៉ីកណ្តាល លោករដ្ឋមន្រ្តីការបរទេសអាមេរិក នឹងត្រូវធ្វើដំណើរឆ្ពោះទៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ជាទីដែលរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏នឹងមានវត្តមានដែរ ប៉ុន្តែប្រមុខការទូតទាំងពីរ ត្រូវគេរំពឹងថានឹងចៀសមុខ​គ្នា ដ្បិតអ្នកទាំងពីរធ្លាប់និយាយគ្នាតែតាមទូរសព្ទប៉ុណ្ណោះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន៕