(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ អរបាន (Viktor Orban) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាលហុងគ្រីមានការព្រួយបារម្ភពីការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ហើយខ្លាចប្រទេសមួយចំនួននៃសហភាពអឺរ៉ុប (EU) អាចនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ទីនោះថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងពិធីបើកសម័យប្រជុំសភាហុងគ្រី លោក អរបាន បានគូសបញ្ជាក់ថា ប្រសិនបើអ្វីៗនៅតែបន្តតាមរបៀបនេះ នឹងមានអ្នកដែលប្រហែលជាចង់បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ អឺរ៉ុបទាំងមូលកំពុងធ្លាក់ចូលទៅក្នុងសង្រ្គាមមួយជំហានម្តងៗ ខណៈដែលប្រទេសមួយចំនួននៃសហភាពអឺរ៉ុបកំពុងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណាលើការផ្គត់ផ្គង់យន្តហោះចម្បាំង។ រដ្ឋាភិបាលហុងគ្រី សូមទទូចឲ្យដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធី ហើយអំពាវនាវឲ្យសមាជិកសភាហុងគ្រីតស៊ូមតិជុំវិញបញ្ហានេះ។

លោក អរបាន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកគេចង់អូសយើងចូលក្នុងសង្គ្រាមនេះ ប៉ុន្តែខ្ញុំសូមអំពាវនាវកុំឲ្យមានការបង្កហេតុ ។ យើងត្រូវការបទឈប់បាញ់ យើងត្រូវកិច្ចចរចារកសន្តិភាព។ នោះហើយជាមូលហេតុដែលហុងគ្រីទទូចឲ្យមានសន្តិភាពនៅគ្រប់វេទិកាអន្តរជាតិ និងគាំទ្រផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន»។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីហុងគ្រីរូបនេះ បញ្ជាក់ពីជំហរប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ជាពិសេសវិស័យថាមពល ដោយលើកហេតុផលថា ការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈបានធ្វើឲ្យតម្លៃកើនឡើងយ៉ាងខ្លាំង ហើយការចំណាយរបស់ហុងគ្រីលើប្រភពថាមពលក៏បានកើនឡើងខ្ពស់នៅឆ្នាំ២០២២៕