(សៅប៉ូឡូ)៖ នាវាចម្បាំង២គ្រឿងរបស់អ៉ីរ៉ង់បានចូលចតនៅឯកំពង់ផែទីក្រុង រីយ៉ូ ដឺ ជេនៀរ៉ូ (Rio de Janeiro) កាលពីចុងសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា បានអនុម័តលើសំណើរនេះ ដោយមិនខ្វល់ពីសម្ពាធរបស់សហរដ្ឋអាមេរិកដែលរារាំងសកម្មភាពបែបនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីដើមខែកុម្ភៈនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រេស៊ីលបានបដិសេធសំណើរបស់អ៉ីរ៉ង់សម្រាប់ការចូលចតនាវានៅកំពង់ផែទីក្រុងរីយ៉ូ កាលពីចុងខែមករា ជាកាយវិការឆ្លើយតបរបស់លោក លូឡា នៅពេលធ្វើដំណើរកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

អាជ្ញាធរប្រេស៉ីលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងអាយរីស ម៉ាក្រាន់ (IRIS Makran) និងនាវាចម្បាំងអាយរីស ដេណា របស់អ៉ីរ៉ង់ បានទៅដល់កំពង់ផែទីក្រុងរីយ៉ូ ហើយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ ចំណែកស្ថានទូតអាមេរិកប្រចាំនៅប្រេស៉ីល មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយ ជុំវិញបញ្ហានេះនោះទេ។

គួរបញ្ជាក់ថា វត្តមានរបស់នាវាចម្បាំងអ៉ីរ៉ង់នៅលើច្រាំងសមុទ្រប្រេស៊ីល អាចបន្តធ្វើឲ្យសហរដ្ឋអាមេរិកខឹងសម្បារ ខណៈដែលខ្លួនកំពុងស្វែងរកការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយរដ្ឋបាលរបស់លោក លូឡា ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី១ ខែមករា៕