(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម ជុងអ៊ុន បានជំរុញឲ្យមន្ត្រីរដ្ឋាភិបាលបង្កើត «ការផ្លាស់ប្តូរជាមូលដ្ឋាន» នៅក្នុងផលិតកម្ម កសិកម្ម ចំពេលមានការព្រួយបារម្ភពីការខ្វះខាតស្បៀងអាហារកាន់តែអាក្រក់ឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទីពីរនៃកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមទី៨ របស់គណបក្សពលករកូរ៉េកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក គីម បាននិយាយថាការឈានទៅសម្រេចគោលដៅផលិតកម្មស្រូវ នៅឆ្នាំនេះគឺជាអាទិភាពកំពូល ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតកម្មកសិកម្មដែលមានស្ថិរភាព។ ដោយមិន បានបញ្ជាក់លម្អិតអំពីវិធានការអ្វីដែលកូរ៉េខាងជើងនឹងដាក់ចេញនោះទេ ប៉ុន្តែលោក គីម បាននិយាយថាការផ្លាស់ប្តូរត្រូវតែកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខ។ លោក គីម ក៏បានកត់សម្គាល់ ថាសារៈសំខាន់នៃកំណើនផលិតភាពកសិកម្ម នឹងធានាបាននូវការកសាងជីវភាពសង្គម។

គួរបញ្ជាក់ថា កសិដ្ឋានសមូហភាពបានរួមចំណែកផ្តល់ទិន្នផលកសិកម្មភាគច្រើន ដល់ប្រទេសកូរ៉េខាងជើង។ កសិដ្ឋានបែបនេះជាធម្មតាទទួលយកកសិករខ្នាតតូចជាច្រើន ដែលដំណើរការផលិតកម្មដោយកម្លាំងពលកម្មធម្មតា៕