(មូស្គូ)៖ វិមានក្រឹមឡាំង បានផ្តល់ការឆ្លើយតបហាក់ដូចជាសោះអង្គើយ ចំពោះផែនការសន្តិភាពរបស់ចិន ដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយអំពាវនាវឲ្យមានការសិក្សាឲ្យបាន ច្បាស់លាស់នៃសំណើ មុននឹងនាំទៅដល់ការជំរុញឲ្យភាគីទាំងពីរយល់ព្រមលើការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាការប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីសប្តាហ៍មុន ចិនដែលបានប្រកាសពីសម្ព័ន្ធភាព «គ្មានដែនកំណត់» ជាមួយរុស្ស៊ីកាលពីឆ្នាំ២០២២ បានអំពាវនាវឲ្យមានបទឈប់បាញ់ពេញលេញនៅអ៊ុយក្រែន ដោយគូសបញ្ជាក់ពី ផែនការសន្តិភាពរបស់ខ្លួន។ ជាការឆ្លើយតបអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយ នៅថ្ងៃអង្គារសប្តាហ៍នេះថា ការអត្ថាធិប្បាយរបស់ទីក្រុងប៉េកាំងគួរតែអាចយល់បាន ប៉ុន្តែភាពខុសប្លែកគ្នានៃសំណើនេះគឺមានសារៈសំខាន់។

ថ្លែងប្រាប់កាសែត Izvestia លោក ប៉េសកូវ បានកត់សម្គាល់យ៉ាងដូច្នេះថា «រាល់បំណងដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី គឺត្រូវបានស្វាគមន៍។ យើងកំពុងយកចិត្តទុកដាក់ ខ្លាំងលើផែនការនៃមិត្តចិនរបស់យើង។ ជាការពិតណាស់ សេចក្តីលម្អិតគួរតែត្រូវតែត្រូវបានវិភាគដោយយកចិត្តទុកដាក់ សំដៅគិតដល់ផលប្រយោជន៍នៃភាគីផ្សេងៗទាំងអស់។ នេះគឺជា ដំណើរការដ៏វែងឆ្ងាយ និងជាក់លាក់ខ្លាំងណាស់។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានសញ្ញាណាមួយដែលបង្ហាញថាដំណោះស្រាយសន្តិភាពអាចសម្រេចបាននោះទេ»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានបដិសេធមិនថ្កោលទោសសកម្មភាពរបស់រុស្ស៊ី នៅពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចធំៗចំនួនម្ភៃ ឬ G20 កាលពីចុងសប្តាហ៍កន្លង ទៅនេះ៕