(តូក្យូ)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់ចិន បានប្រាប់សមភាគីជប៉ុនរបស់លោកថាទីក្រុងប៉េកាំង ពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះការពង្រីកយោធារបស់ទីក្រុងតូក្យូ ហើយបានរិះគន់នេះគឺជា ចិត្តសាស្ត្រសង្រ្គាមត្រជាក់ នៅក្នុងជំនួបស្ដីពីសន្តិសុខផ្លូវការជាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ស៊ុន វៃតុង (Sun Weidong) ជាអនុរដ្ឋមន្ត្រីការបរទេសចិន ធ្វើការកត់សម្គាល់ខាងលើ នៅមុនចាប់ផ្ដើមកិច្ចប្រជុំកំពូលក្នុងទីក្រុងតូក្យូ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ស៊ីជិអុ យ៉យ៉ាម៉ាដា (Shigeo Yamada)។ ថ្លែងនាឱកាសនោះ លោក ស៊ុន វៃតុង បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «និយាយដោយស្មោះត្រង់ យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះការចេញផ្សាយ ឯកសារស្ដីពីយុទ្ធសាស្ត្រយោធា និងសន្តិសុខថ្មីរបស់ជប៉ុន»

គួរបញ្ជាក់ថា ជំនួបសន្តិសុខរវាងមន្ត្រីជាន់ខ្ពស់ចិន និងជប៉ុន ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំង២ ខណៈទីក្រុងតូក្យូ នៅក្នុងបរិបទនៃសង្រ្គាម ឈ្លានពានរបស់រុស្ស៉ី បានបង្ហាញក្ដីព្រួយបារម្ភខ្លាចក្រែងថាទីក្រុងប៉េកាំង អាចនឹងប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ ហើយបើរឿងបែបនេះកើតឡើងមែន នោះវាក៏អាចនឹងបង្កគ្រោះថ្នាក់ដល់ជប៉ុន ផងដែរ៕