(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal នៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងត្រៀមលក្ខណៈបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅប៉ុន្មានខែខាងមុខទៀតនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងពីផែនការទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយបើតាមសេចក្ដីរាយការណ៍នេះដដែល ជំនួបកំពូលរវាងលោក ស៊ី ជិនពីង និងលោក ពូទីន នឹងផ្ដោតទៅលើការជំរុញឱ្យមានកិច្ចចរចាពហុភាគីដើម្បីស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅ អ៊ុយក្រែន និងអនុញ្ញាតឱ្យចិនបញ្ជាក់ឡើងវិញពីជំហរប្រឆាំងជំទាស់ទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

បើតាម Wall Street Journal ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីន ទៅកាន់ទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រីឯកាលបរិច្ឆេទ ជាក់លាក់ក៏មិនទាន់មាននោះដែរ។ ប៉ុន្តែ កាសែតអាមេរិករូបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបន្ថែមថាដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង អាចនឹងកើតឡើងនៅខែមេសា ឬក៏នៅដើមខែឧសភា ចំពេលដែលរុស្ស៉ីប្រារព្ធខួបជ័យជម្នះរបស់ខ្លួនលើអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ Wall Street Journal កើតមានឡើង ខណៈមន្ត្រីការទូតកំពូលចិន គឺលោក វ៉ាង យី បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ខណៈទីក្រុងប៉េកាំង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីជំរុញឱ្យកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយលោក វ៉ាង យី ក៏អាចនឹងពិភាក្សាពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ផងដែរ កំលុងពេលបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ៕