(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសផ្អាកសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងសុន្ទរកថា ដែលលោកបានចោទប្រកាន់ប្រទេសលោកខាងលិច ពីបទបង្កើនជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខក្រុមមន្រ្តីជាន់ខ្ពស់ ឥស្សរជននយោបាយ សមាជិកសភា និងមេបញ្ជាការយោធា ក្នុងសភាជាតិនៃប្រទេសរុស្ស៉ី លោក ពូទីន ក៏បានប្តេជ្ញាថា រុស្ស៊ីនឹងបន្តការប្រយុទ្ធនៅអ៊ុយក្រែនទៀត ខណៈសង្គ្រាមនេះឈានដល់គម្រប់ខួប១ឆ្នាំហើយ នៅថ្ងៃទី២៤ កុម្ភៈនេះ។

លោកបានចោទប្រកាន់មហាអំណាចលោកខាងលិចថា មានចេតនាចង់បញ្ចប់រុស្ស៉ីម្តងឱ្យស្រេច និងបាននិយាយថា រុស្ស៊ីត្រូវបានបង្ខំឱ្យផ្អាកសន្ធិសញ្ញា New START ប៉ុន្តែនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងស្រុងនោះទេ។

គួរបញ្ជាក់ថា សន្ធិសញ្ញាឆ្នាំ២០១០ គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធដ៏សំខាន់ចុងក្រោយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដែលនៅតែជាធរមាន ប៉ុន្តែវាបានធ្លាក់ចុះក្នុងសភាពទ្រុឌទ្រោមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងម៉ូស្គូថាមិនបានគោរពតាមវា។

ដោយសំដៅទៅលើជម្លោះក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន បាននិយាយថា «មួយជំហានម្តងៗ យើងនឹងដោះស្រាយយ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយវិធីសាស្រ្តចំពោះបញ្ហាដែលយើងប្រឈមមុខ»។ លោកបានបន្តថា «វាមិនអាចទៅរួចទេក្នុងការកម្ចាត់រុស្ស៊ីនៅលើសមរភូមិ»។

ទន្ទឹមនឹងនោះ លោក ពូទីន ក៏បានទម្លាក់កំហុសទាំងស្រង់ទៅលើប្រទេសលោកខាងលិច ចំពោះសោកនាដកម្មដែលបាននិងកំពុងកើតឡើង ដោយសារសង្គ្រាមអ៊ុយក្រែន។ លោកក៏បានចេញការព្រមានដល់អ្នករិះគន់នៅក្នុងប្រទេសរុស្ស៊ីផងដែរ ដោយនិយាយថា «អ្នកដែលដើរតាមផ្លូវក្បត់រុស្ស៊ី ត្រូវតែទទួលខុសត្រូវតាមច្បាប់»។

ងាកមករឿងសេដ្ឋកិច្ចវិញ លោក ពូទីន បាននិយាយថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីមិនទទួលបានជោគជ័យទេ ហើយធាតិពិតវាកំពុងធ្វើឱ្យលោកខាងលិចឈឺចាប់ដោយការឡើងថ្លៃថាមពល៕