(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បាននិយាយនៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងពង្រឹងចំណងទាក់ទងផ្នែកយោធារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាប្រទេសជាមិត្តដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី សៃ បានប្រាប់សមាជិកសភាអាមេរិកមួយក្រុម ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិយ៉ាងដូច្នេះថា «តៃវ៉ាន់និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹង​ទំនាក់ទំនងយោធា ហើយtតទៅថ្ងៃខាងមុខ តៃវ៉ាន់នឹងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធនិងសកម្មជាមួយអាមេរិក ក៏ដូចជាជាមួយដៃគូដទៃទៀត ដើម្បីប្រឈមនឹងបញ្ហាសកលផ្សេងៗ»។ លោកស្រីប្រធានាធិបតីតៃវ៉ាន់ មិនបានផ្តល់ខ្លឹមសារលម្អិតជាងនេះទេ ប៉ុន្តែកាលពីសប្តាហ៍កន្លងទៅ មានសេចក្តីរាយការណ៍ថា លោក មីឈែល ឆេស (Michael Chase) ដែលជាមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការចិន បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយពុំមានការប្រកាសឱ្យដឹងជាផ្លូវការឡើយ។

គួរបញ្ជាក់ថា ដូចនឹងទៅប្រទេសជាច្រើនទៀតដែរ សហរដ្ឋអាមេរិកពុំមានទំនាក់ទំនងការទូតផ្លូវការ ជាមួយតៃវ៉ាន់ដែលត្រូវបានប្រទេសចិនចាត់ទុកជាផ្នែក​នៃទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែអាមេរិកគឺជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់ដែនកោះនេះ នៅលើឆាកអន្តរជាតិ ព្រមទាំងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់តៃវ៉ាន់។ ការផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់នេះហើយ គឺជាដើមចមមួយនៃភាពរកាំររកូសនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ទីក្រុងតៃប៉ិនិងទីក្រុងវ៉ាស៉ីនតោនបានរក្សា នូវ​ទំនាក់ទំនងយោធាយ៉ាងល្អរវាងគ្នា ហើយចំណងទាក់ទងនេះ គឺកាន់តែជិតស្និទ្ធឡើង ស្របពេលដែលចិនបង្កើនការដាក់សម្ពាធ ដើម្បីព្យាយាមបង្ខំឱ្យតៃវ៉ាន់ ទទួលយកអធិបតេយ្យរបស់ចិន។ យ៉ាងណាក្តី តៃវ៉ាន់បានច្រានចោលការអះអាង អធិបតេយ្យរបស់ចិន ហើយនិយាយថាមានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចពីអនាគតរបស់ពួកគេ៕