(ប៊ុយដាប៉ែស)៖ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី មន្រ្តីការទូតកំពូលរបស់ទីក្រុងប៉េកាំង លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ប្រទេសចិន និងហុងគ្រី បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយ «ប្រទេសដែលស្រឡាញ់សន្តិភាព» ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក វ៉ាង បានគូសបញ្ជាក់ថា «យើងចង់ឲ្យភាគីនានាត្រឡប់ទៅតុចរចាវិញ។ ប្រទេសចិន និងហុងគ្រី រីករាយក្នុងការធ្វើការរួមគ្នាជាមួយប្រទេសដែលស្រឡាញ់សន្តិភាពផ្សេងទៀត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនបច្ចុប្បន្ន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ផេតធឺ ហ្ស៉ីចាតូ (Peter Szijjarto) បានស្វាគមន៍ចំពោះគោលជំហររបស់ចិនដែលព្យាយាម «បង្កើតសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក វ៉ាង ក្នុងទីក្រុងប៊ុយដាប៉ែស (Budapest) នៃប្រទេសហុងគ្រី នាពេលនេះគឺចំពេលមានភាពតានតឹងជុំវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ៕