(មីនស្ក៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកានសិនកូ (Alexander Lukashenko) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិថា លោកបានចេញបញ្ជាឲ្យបង្កើតកងកម្លាំងការពារទឹកដីស្ម័គ្រចិត្តថ្មីមួយ ដើម្បីឲ្យអ្នករាល់គ្នាដឹងពីរបៀប «ប្រើប្រាស់អាវុធ» និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានណាមួយ និងអាចរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងពេលមានសន្តិភាព។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក លូកាសិនកូ បានគូសបញ្ជាក់ថា «ស្ថានការណ៍ដូចជាមិនសូវស្រួលទេ។ ខ្ញុំបាននិយាយជាច្រើនដងហើយថា មនុស្សគ្រប់រូប និងមិនត្រឹមតែបុរសប៉ុណ្ណោះទេ យ៉ាងហោចណាស់ក៏គួរតែអាចប្រើប្រាស់អាវុធបានដែរ។ យ៉ាងហោចណាស់ពួកគេអាចការពារគ្រួសារខ្លួនឯង ហើយប្រសិនបើចាំបាច់ គឺការពារប្រទេសរបស់ខ្លួន។ ក្នុងករណីមានអំពើឈ្លានពានណាមួយ នោះការឆ្លើយតបនឹងមានភាព រហ័ស ខ្លាំងក្លា និងសមរម្យ»

បើតាមរដ្ឋមន្រ្តីការពារជាតិបេឡារុស លោក វ៉ិកទ័រ ក្រេនីន (Viktor Khrenin) កម្លាំងការពារទឹកដីស្ម័គ្រចិត្តថ្មីនេះ នឹងមានចំនួនពី ១០០,០០០នាក់ទៅ ១៥០,០០០នាក់ ឬច្រើនជាងនេះ។ ការជ្រើសរើសកងកម្លាំងនឹងត្រូវធ្វើឡើងនៅគ្រប់ភូមិ និងក្រុង។

គួរបញ្ជាក់ថា វិទ្យាស្ថានអន្តរជាតិសិក្សាលើតុល្យភាពយោធា ឆ្នាំ២០២២ បានឲ្យដឹងថា បេឡារុសមានកងទ័ពសរុបប្រហែល ៤៨,០០០នាក់ និងឆ្មាំព្រំដែនប្រហែល ១២,០០០នាក់។ លោក លូកាសិនកូ ដែលជាញឹកញាប់អះអាងថាកងទ័ពរបស់លោក នឹងប្រយុទ្ធលុះត្រាតែបេឡារុសរងនូវការវាយប្រហារមុន ថ្មីៗនេះបាននិយាយថា «បទពិសោធន៍នៅអ៊ុយក្រែនគឺតម្រូវឲ្យមានការការពារបន្ថែម»៕