(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសដាក់ទណ្ឌកម្មថ្មីមួយ ដោយមានគោលដៅលើកម្មវិធីអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលចុងក្រោយ បំផុតរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ទណ្ឌកម្មថ្មីខាងលើរបស់ទីក្រុងសេអ៊ូល គឺមានគោលដៅលើបុគ្គលចំនួន៤រូប និងអង្គភាពចំនួន ៥ ក្នុងនោះរួមមានជនជាតិអាហ្វ្រិកខាងត្បូង ម្នាក់ និងក្រុមហ៊ុនដឹកជញ្ជូនចំនួន ២របស់សិង្ហបុរី ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ការប្រកាសពីការដាក់ ទណ្ឌកម្មនេះកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ និងជាង ៤៨ម៉ោងប៉ុណ្ណោះក្រោយរបបដឹកនាំលោក គីម ជុងអ៊ុន ធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានដឹកនាំការធ្វើសមយុទ្ធយោធាអាកាសរួមគ្នាតាមការគ្រោងទុក ដោយមានការចូលរួមពី យន្ដហោះទម្លាក់គ្រាប់បែក B-1B ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីល ICBM ពីសំណាក់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសការធ្វើតេស្ដមីស៊ីលចុងក្រោយទាំងនេះរបស់កូរ៉េខាងជើងផងដែរ ដោយចាត់ទុកថាវាជាទង្វើបង្ករឿងដោយខុសច្បាប់៕