(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអ៊ុយក្រែនបានជំរុញឱ្យសមាជិកសភាទាំង២របស់សហរដ្ឋអាមេរិក ដាក់សម្ពាធលើរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន ឲ្យបញ្ជូនយន្តហោះចម្បាំង F-16 សម្រាប់ទីក្រុងកៀវ ដោយនិយាយថាយន្តហោះចម្បាំងនេះនឹងជំរុញសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលរុស្ស៊ី រួមជាមួយគ្រាប់រ៉ុក្កែតផលិតដោយ សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ាក ខេលលី (Mark Kelly) ជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាធិបតេយ្យ និងជាអតីតពីឡុតបើកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បានគូសបញ្ជាក់ថា «ពួកគេបានប្រាប់យើងថា ពួកគេចង់បាន F-16 ដើម្បីការការពារដែនអាកាសរបស់ខ្លួនពីសត្រូវ...»។ ចំណែកសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក លីនស៉ី ហ្រ្គាហាំ (Lindsey Graham) បាននិយាយថា សមាជិកសភាអាមេរិកគាំទ្រយ៉ាងទូលំទូលាយដល់ការបណ្តុះបណ្តាល ពីឡុតអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង F-16 ហើយជឿជាក់ថារដ្ឋបាល លោក បៃដិន នឹងយល់ព្រមលើសំណើរនេះក្នុងពេលឆាប់ៗ។

កាលពីខែមុន លោក បៃដិន បានឆ្លើយថា «ទេ» ជុំវិញការចោទសួរអំពីលទ្ធភាពផ្ដល់យន្តហោះចម្បាំង F-16 ដែលផលិតដោយក្រុមហ៊ុន Lockheed-Martin សម្រាប់អ៊ុយក្រែន។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ មន្រ្តីរដ្ឋបាលរបស់លោក បៃដិន បានលើកឡើងដែរថា សហរដ្ឋអាមេរិកគួរតែផ្តោតលើការផ្តល់អាវុធដែលអាចប្រើបានភ្លាមៗ នៅលើ សមរភូមិ ជាជាងយន្តហោះចម្បាំងដែលត្រូវការការហ្វឹកហ្វឺនរយៈពេលយូរ។ ប៉ុន្តែ​ពួកគេ​មិន​បាន​ច្រានចោល​ការ​ផ្តល់ F-16 ទាំងស្រុងនោះទេ ខណៈឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានប្រាប់ទូរទស្សន៍ CNN ថា «ការពិភាក្សានឹងបន្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ»

គួរបញ្ជាក់ថា ការបញ្ចុះបញ្ចូលនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុន នៅខាងក្រៅសន្និសីទស្តីពីសន្តិសុខក្នុងទីក្រុងមុយនិក (Munich) នៃប្រទេសអាល្លឺម៉ង់ កំលុងកិច្ចពិភាក្សារវាង ក្រុមមន្ត្រីអ៊ុយក្រែន រួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា ជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ និងសភាតំណាងរាស្រ្តអាមេរិក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយផ្នែកយោធាចំនួន ៣០ពាន់លានដុល្លារហើយដល់អ៊ុយក្រែន៕