(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាធឺស ម៉ូរ៉ាវ៉ីចគី (Mateusz Morawiecki) បាននិយាយថាលោកនឹងពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្ដីពីលទ្ធភាព បង្កើនវត្តមានកងទ័ពអាមេរិកនៅលើទឹកដីប៉ូឡូញ ហើយអាចឈរជើងជាអចិន្ត្រៃយ៍ច្រើនជាងមុន កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ទីក្រុងវ៉ាសូវី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ាធឺស ម៉ូរ៉ាវ៉ីចគី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍នៅឯកម្មវិធី Face the Nation របស់ស្ថានីយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ លោក ម៉ូរ៉ាវ៉ីចគី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងដំណើរការនៃកិច្ចពិភាក្សាជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន អំពីការបង្កើនវត្តមាន កងទ័ពរបស់ពួកគេ ហើយអាចឈរជើងជាអចិន្ត្រៃយ៍ច្រើនជាងមុន»។ នាយករដ្ឋមន្ត្រីប៉ូឡូញរូបនេះ បន្ថែមថាលោកពិតជាអរគុណយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិក បញ្ជូនប្រព័ន្ធខែល ប្រឆាំងមីស៊ីល Patriot និងអាវុធទំនើបៗបន្ថែមមកឱ្យប៉ូឡូញ។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីរំឮកខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕