(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញការខឹងសម្បារចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលថាចង់ឃើញ រុស្ស៉ីបរាជ័យនៅអ៊ុយក្រែន ជាមួយការរំឮកឱ្យលោក ម៉ាក្រុង ទៅមើលមេរៀនប្រវត្តិសាស្ត្រឡើងវិញ នោះគឺជោគវាសនារបស់អតីតអធិរាជបារាំង ណាប៉ូឡេអុង បូណាប៉ាត (Napoleon Bonaparte)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់ដូច្នេះថា «បារាំងមិនមែនទើបតែចាប់ ផ្ដើមជាមួយនឹងលោក ម៉ាក្រុងនោះទេ ពោលគឺនៅមានផ្នូររបស់ណាប៉ូឡេអុងដែលត្រូវបានគោរពថ្នាក់ជាតិ តម្កល់នៅចំកណ្ដាលទីក្រុងប៉ារីស ហើយបារាំង និងរុស្ស៉ីគួរតែដឹងច្បាស់ពី រឿងមួយនេះ»។ លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានចោទប្រកាន់ផងដែរថាបារាំងកំពុងដើរតាមនយោបាយការទូតមិនស្មោះត្រង់ជាមួយវិមានក្រឹមឡាំង។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងមូស្គូ កើតមានឡើងបន្ទាប់ពីលោក ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំងមួយថាទីក្រុងប៉ារីស ចង់ឃើញរុស្ស៉ីចាញ់នៅ អ៊ុយក្រែន ប៉ុន្តែមិនចង់បំផ្លាញរុស្ស៉ីនោះទេ។ ប៉ុន្តែ លោកស្រី ហ្សាខារ៉ូវ៉ា បានសង្កត់ធ្ងន់ថាការលើកឡើងរបស់លោកម៉ាក្រុង បង្ហាញថាលោកខាងលិចកំពុងគិតគូរពីការផ្លាស់ប្ដូររបប ដឹកនាំនៅក្នុងប្រទេសរុស្ស៉ី ស្របពេលដែលលោក ម៉ាក្រុងលើកឡើងជារឿយៗថាចង់ជួបជាមួយមេដឹកនាំរុស្ស៉ី។

ណាប៉ូឡេអុង បូណាប៉ាត គឺជាអតីតអធិរាជបារាំងម្នាក់ ដែលបានស្លាប់នៅឆ្នាំ១៨២១ ក្នុងពេលរស់នៅនិរទេសខ្លួនក្នុងនាមជាអ្នកទោសរបស់អង់គ្លេស នៅលើកោះដាច់ស្រយាល សាំង អេឡេណា (Saint Helena) ស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រអាត្លង់ទិក។ ណាប៉ូឡេអុង បានអស់អំណាចបន្ទាប់ពីបរាជ័យនៅក្នុងសង្រ្គាមឈ្លានពានរុស្ស៉ីក្នុងឆ្នាំ១៨១២៕