(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ ដែលនេះគឺជាការធ្វើតេស្ដមីស៊ីល ជាលើកទី២ ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ចេញពីតំបន់ ស៊ុកឆុង (Sukchon) ស្ថិតនៅក្នុងខេត្ត ព្យុងហ្កាន់ខាងត្បូង (South Pyongan) នៅចន្លោះពីម៉ោងពី៧ព្រឹក ដល់ម៉ោង ៧៖១១នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅសេអ៊ូល)។ ចំណែកឯ ខាងជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ផងដែរ ខណៈទីក្រុងព្យុងយ៉ាងខ្លួនឯងបានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយភ្លាមៗ ដោយបញ្ជាក់ថាខ្លួនបានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។

គួរបញ្ជាក់ថា នេះគឺជាការធ្វើតេស្ដមីស៊ីលជាលើកទី២ របស់កូរ៉េខាងជើង ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានដឹកនាំការបាញ់សាកល្បងមីស៊ីល បាលិស្ទីគអន្តរទ្វីបមួយគ្រាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជាការឆ្លើយតបទៅនឹងគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕