(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយអាមេរិកម្នាក់បាននិយាយថា លំហអាកាសបាន «ផ្លាស់ប្តូរជាមូលដ្ឋាន» ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ដោយសារតែការប្រកួតប្រជែងសព្វាវុធកើនឡើង ហើយបានចាត់ថ្នាក់ប្រទេសចិនថាជា «ការគំរាមកំហែងដ៏ធំបំផុត» បន្ទាប់មកគឺរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ Bradley Chance Saltzman ដែលជាប្រធានប្រតិបត្តិការអវកាសអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រួមទាំង AFP ថា «យើង​កំពុង​មើល​ឃើញ​សព្វាវុធ​ចម្រុះ​ ដែល​ត្រូវ​បាន​ផលិត​ដោយ​គូ​ប្រជែង​យុទ្ធសាស្ត្រ​របស់​យើង»

ដោយលើកឡើងពីបច្ចេកវិទ្យាទំនើបៗ ដែលរួមានទាំងកាំជ្រួចប្រឆាំងផ្កាយរណប និងសមត្ថភាពស្ទាក់ចាប់ជាដើម លោកបាននិយាយថា ការគំរាមកំហែងដ៏លំបាកបំផុតគឺប្រទេសចិន ប៉ុន្តែក៏មានរុស្ស៊ីផងដែរ។

ពាក្យសម្ដីរបស់លោកទាំងនេះ ទោះចង់ឬមិនចង់ វាពិតជាមានទម្ងន់បន្ថែមទៀតទៅលើភាពតានតឹងដែលមានស្រាប់ រវាងសហរដ្ឋអាមេរិក និងចិន។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅឯសន្និសិទស្តីពីសន្តិសុខ ក្នុងទីក្រុងមូនិច (Munich) នៃប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានសមភាគី លោក Wang Yi ថា ចិនមិនត្រូវធ្វើម្តងទៀតនូវ «ទង្វើមិនទទួលខុសត្រូវ» នៃការបង្ហោះបាឡុងទៅលើដែនអាកាសរបស់សហរដ្ឋអាមេរិកនោះទេ ខណៈដែលលោក Wang Yi បានហៅប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបាញ់ទម្លាក់បាឡុងរបស់ខ្លួននេះ គឺជារឿង «មិនអាចនឹកស្មានដល់» ក៏ដូចជាទង្វើ «មិនសមហេតុផល» ដែលបំពានលើបទដ្ឋានអន្តរជាតិ៕