(អង់ការ៉ា)៖ អាជ្ញាធរតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនភៀសខ្លួនស៊ីរីចំនួន ១០,៦៣៣នាក់នៅក្នុងប្រទេសតួកគី បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្ត បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារភាគខាងត្បូងប្រទេសតួកគីកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប៉ុស្តិ៍ព្រំដែនយោធាក្នុងខេត្ត Hatay ភាគខាងត្បូងដែលរងគ្រោះដោយរញ្ជួយដីថា «បងប្អូនជនជាតិស៊ីរីរបស់យើងដែលបានបាត់បង់គ្រួសារ និងទីកន្លែងស្នាក់នៅក្នុងគ្រោះរញ្ជួយដីនោះ បានត្រឡប់ទៅទឹកដីរបស់ពួកគេវិញដោយស្ម័គ្រចិត្ត»

គួរបញ្ជាក់ថា តួកគីជាម្ចាស់ផ្ទះទទួលភ្ញៀវជនភៀសខ្លួនស៊ីរីជិត ៣.៥លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ បន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១។ ជិតពាក់កណ្តាលនៃជនភៀសខ្លួន បានទៅជ្រកកោននៅភាគខាងត្បូងប្រទេសតួកគី ដែលថ្មីៗនេះត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់។

ចំនួនមនុស្សស្លាប់ក្នុងប្រទេសតួកគី និងស៊ីរី កើនជាង ៤៦,០០០នាក់ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៧ និង ៧.៦ រិចទ័របានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ៕