(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធដែនអាកាសរួមគ្នានៅថ្ងៃអាទិត្យ (១៩ កុម្ភៈ) នេះនៅក្នុងសមយុទ្ធបាញ់បង្ហោះដ៏គួរឱ្យភ្ញាក់ផ្អើល មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីបវ៉ាសុង១៥ (Hwasong-15)។ នេះបើយោងតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង F-35A, F-15K និងយន្តហោះ F-16 បានចូលរួម ដោយអមដំណើរដោយយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកនេះ គឺបានបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការការពារឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា សមយុទ្ធយោធានេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ធ្លាក់ចូលក្នុងតំបន់ឆ្នេរភាគខាងលិចនៃសមុទ្រជប៉ុន ក្រោយពីខ្លួនបានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទន្ទឹមគ្នានេះប្អូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង ក៏បានព្រមានផងដែរ ហើយបានបរិហារសហរដ្ឋអាមេរិក ចំពោះការព្យាយាមបង្វែរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅជាអ្វីដែលខ្លួនបានពិពណ៌នាថា ជាឧបករណ៍នៃគោលនយោបាយអរិភាពដ៏ឃោឃៅសម្រាប់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕