(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានគំរាមចេញចំណាត់ការឆ្លើយតបធ្ងន់ៗ ប្រសិនបើកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បន្តរួមគ្នាធ្វើសមយុទ្ធយោធា ហើយទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សម្ព័ន្ធមិត្តទាំងពីរថា កំពុងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានលើកឡើងផងដែរថា ទីក្រុងព្យុងយ៉ាង នឹងពិចារណាធ្វើសកម្មភាពយោធាបន្ថែមទៀត ប្រសិនបើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅតែបន្តដាក់សម្ពាធមកលើខ្លួន ក្រោមឥទ្ធិពលរបស់​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការព្រមានរបស់កូរ៉េខាងជើងធ្វើឡើង ស្របពេលទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន កំពុងត្រៀមខ្លួនសម្រាប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងទប់ទល់ចំពោះអ្វីដែលប្រទេសទាំងពីរហៅថា ជាការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគរបស់​កូរ៉េខាងជើង ដែលកំពុងបន្តកើនឡើងកាន់តែខ្លាំង។

នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក នឹងធ្វើសមយុទ្ធយោធាក្នុងទម្រង់ជាការពិភាក្សានៅតុប្រជុំ ក្នុងទីក្រុងវ៉ាស៉ីនតោននាសប្តាហ៍ក្រោយ ដោយសមយុទ្ធនោះមានគោលដៅពង្រឹងការធ្វើប្រតិបត្តិការ នៃសព្វាវុធខ្លាំងៗរបស់អាមេរិកនៅឯតំបន់ឧបទ្វីបកូរ៉េ ដូចជាយន្តហោះចម្បាំង នាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាដើម។ មិនតែប៉ុណ្ណោះ នៅខែមីនា ប្រទេសទាំងពីរក៏នឹងប្រារព្ធសមយុទ្ធ​ជាប្រចាំរបស់ខ្លួននារដូវផ្ការីក ហៅថា Freedom Shield ក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ៕