(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យរបស់សេតវិមាន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) នឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់សេតវិមាន ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ការីន ហ្សង់ព៊ែរ (Karine Jean-Pierre) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកអធិការបតី គឺជាឱកាសមួយដើម្បីបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់យើង នោះគឺអាល្លឺម៉ង់។ មេដឹកនាំទាំងពីរ ក៏នឹងពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោកជាច្រើនទៀត ក្នុងនោះមានទាំងបញ្ហាប្រឈមរួមគ្នាជាមួយប្រទេសចិន និងកិច្ចសហប្រតិបត្តិការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកស្រី ហ្សង់ព៊ែរ បានឲ្យដឹងទៀតថា ក្នុងសប្តាហ៍នេះ លោក សូលហ៍ គ្រោងជួបអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅឯសន្និសីទស្តីពីសន្តិសុខដែលរៀបចំឡើង ក្នុងទីក្រុងមូនីច (Munich) នៃប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ថា មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ ត្រូវបានគេរំពឹងថានឹងលើកយកបញ្ហាជម្លោះដែលកំពុងបន្ត រវាងអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ជាមួយសហរដ្ឋអាមេរិក ជុំវិញការផ្តល់ឥណទានលើពន្ធបៃតងតម្លៃរាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ដែលបានអនុម័តកាលពីឆ្នាំ២០២២៕